ព័ត៌មានជាតិ March 3, 2024

រដ្ឋបាលស្រុកកំពង់ស្វាយប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

Nisaiy KP

(កំពង់ធំ)៖ រដ្ឋបាលស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅសាលាស្រុកកំពង់ស្វាយ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។


ពិធីនេះធ្វើឡើងក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងមានការចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី ព្រមទាំងតំណាងស្ត្រីនៅសាលាស្រុក និងមកពីបណ្ដាឃុំប្រមាណជិត១០០នាក់ផងដែរ។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតបច្ចេកវិទ្យាឌីជីថល។

លោកស្រីបញ្ជាក់ថា ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូល
សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

ក្នុងនាមប្រធានក្រុមការងារលោកស្រីបានសង្កត់ធ្ងន់ថាការប្រារព្ឋទិវាសិទ្ធិនារីនេះមិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្ត ទុកដាក់ទៅដល់ស្ត្រី ដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះរាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូរដល់ស្ត្រីបើមិនដូច្នេះទេផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។

លោកស្រី ឃួន ឃុនឌី ជំរុញឲ្យឃុំទាំងអស់រៀបចំធ្វើទិវាសិទ្ធិនារីនៅតាមបណ្ដាឃុំ ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ទៅដល់ស្ត្រីពិសេសទឹកចិត្តដល់មេភូមិ អនុភូមិ សមាជិកភូមិ នារីភូមិ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews