Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple កំពុងប្រឈមមុខនឹងការខាតបង់ប្រាក់ជិត ៥០០លានដុល្លារ ដោយសារទង្វើរមួយរបស់លោក Time Cook

BY Khmerpress March 16, 2024
Apple កំពុងប្រឈមមុខនឹងការខាតបង់ប្រាក់ជិត ៥០០លានដុល្លារ ដោយសារទង្វើរមួយរបស់លោក Time Cook

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានឈានដល់ការទូទាត់ប្រាក់ប្រមាណ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងមួយ ដែលបានចោទប្រកាន់នាយកប្រតិបត្តិ (CEO) លោក Tim Cook ថាបានបោកប្រាស់ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះនៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ការដោះស្រាយបឋមត្រូវបានដាក់នៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតុលាការស្រុកអាមេរិក ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅរង់ចាំការសម្រេចពីចៅក្រមស្រុកអាមេរិកលោកស្រី Yvonne Gonzale Rogers ជាមុនសិន ទើបឈានដល់ការទូទាត់។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដំណោះស្រាយនេះ កើតចេញពីការប្រកាសដែលមិនបានរំពឹងទុករបស់ក្រុមហ៊ុន Apple នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុនបានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនរហូតដល់ ៩ពាន់លានដុល្លារ ដោយបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

រំលឹកទៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ CEO លោក Time Cook បានប្រាប់វិនិយោគិនថា បើទោះបីជាក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងតួកគី ដែលរូបិយប័ណ្ណបានធ្លាក់ចុះក៏ដោយ «ខ្ញុំនឹងមិនដាក់ប្រទេសចិននៅចំណុចនោះជាដាច់ខាត»។ សេចក្តីថ្លែងការណ៍របស់លោក Cook គឺជាចំណុចសំខាន់មួយនៅក្នុងបណ្តឹងដែលម្ចាស់ភាគហ៊ុនចោទប្រកាន់គាត់ពីបទលាក់បាំងការធ្លាក់ចុះនៃតម្រូវការទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន ដែលនាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរពីវិនិយោគិន។

គួរជម្រាបដែរថា ការទូទាត់នេះគឺ គ្របដណ្តប់លើម្ចាស់ភាគហ៊ុនដែលបានទិញភាគហ៊ុន Apple ក្នុងរយៈពេលពីរខែរវាងមតិរបស់ Cook និងការព្យាករណ៍អំពីប្រាក់ចំណូល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: