Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ

    BY Naren March 25, 2024
    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។

    លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។

    ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការត្រួតពិនិត្យតាមដងផ្លូវពីសំណាក់កម្លាំងសមត្ថកិច្ច ដោយអនុវត្តចាប់ពីម៉ោង៨យប់ថា ជាការពិនិត្យរកជាតិស្រវឹង ខណៈម៉ោងនៃការត្រួតពិនិត្យជាតិស្រវឹងនៅម៉ោង១១យប់ឯណោះ។

    សូមរំលឹកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំជាថ្មីដល់ប្រតិបត្តិការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយធ្វើយ៉ាងណាមន្ដ្រីនគរបាលដែលជាអ្នកអនុវត្តច្បាប់ ត្រូវកែសម្រួលម៉ោងត្រួតពិនិត្យមួយចំនួន។

    ការណែនាំឲ្យមន្ដ្រីធ្វើការកែសម្រួលម៉ោងត្រួតពិនិត្យជាតិស្រវឹងនេះ ដើម្បីកាត់បន្ថយសម្ពាធទៅលើបណ្ដាភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុ ដោយសារវិធានការរឹតបន្ដឹងការត្រួតពិនិត្យគ្រឿងស្រវឹងនៅពេលយប់។ ប៉ុន្ដែសម្ដេចបានណែនាំឲ្យបង្កើនវិធានការអប់រំពាក់ព័ន្ធគ្រោះថ្នាក់បណ្ដាលមកពីគ្រឿងស្រវឹង ទន្ទឹមនឹងការពង្រឹងវិធានការច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: