Apple បញ្ជាក់ថា បញ្ហាកំណត់ម៉ោងរោទិ៍មិនលឺសម្លេងនៅលើ iPhone ឥឡូវនេះកំពុងជួសជុល
(បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានឱ្យដឹងថា ខ្លួនកំពុងធ្វើការដោះស្រាយលើបញ្ហា «Alarms» ឬបញ្ហាកំណត់ម៉ោងរោទិ៍ ដែលមិនលឺសម្លេង ខណៈបញ្ហានេះត្រូវបានអ្នកប្រើប្រាស់ iPhone ជាច្រើនបានត្អូញត្អែរអំពីវា។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។
សម្រាប់អ្នកប្រើប្រាស់ iPhone ភាគច្រើនប្រាកដជាបានជួបបញ្ហានេះរួចមកហើយ។ តាមរយៈរបាយការណ៍ចេញផ្សាយនេះ បានបង្ហាញពីការត្អូញត្អែរបស់អ្នកនិយមលេងកម្មវិធី TikTok ម្នាក់ ឬ Tik Tokker ដោយបានលើកឡើងថា នាងបានកំណត់ម៉ោងរោទិ៍ «ចំនួនប្រាំ» ជាប់ៗគ្នា ប៉ុន្តែវាមិនលឺសម្លេងនោះទេ។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានដឹងរួចមកហើយ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់បានថាបណ្តាលមកពីមូលហេតុអ្វី ឬគួរតែមានវិធីសាស្រ្តបែបណាដើម្បីអាចដោះស្រាយវាបាននៅឡើយនោះទេ ខណៈឥឡូវនេះក្រុមហ៊ុនកំពុងព្យាយាមដោះស្រាយ។ ជាងនេះទៅទៀត វានៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើបញ្ហាកំណត់ម៉ោងរោទិ៍នេះ មានមនុស្សប៉ុន្មាននាក់ដែលរងផលប៉ះពាល់ ឬថាតើបញ្ហាត្រូវបានដាក់កម្រិតលើម៉ូដែល iPhone ណាខ្លះនោះ។
តែយ៉ាងណា ក្រុមហ៊ុន Apple សង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។ ដូច្នេះក្នុងអំឡុងពេលនេះ អ្នកប្រើប្រាស់ iPhone ភាគច្រើនដែលរំពឹងទៅលើការប្រើប្រាស់ «Alarms» ឬកំណត់ម៉ោងរោទិ៍ គួរតែព្យាយាមពិនិត្យមើលការកំណត់ម៉ោងរោទិ៍ឱ្យច្បាស់ ហើយធានាថាកម្រិតសម្លេងត្រូវបានបើក ប្រសិនបើនៅតែជួបបញ្ហានេះទៀត មានតែរង់ចាំរហូតដល់ Apple ជូនដំណឹងជាថ្មីតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News



