Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន PetroVietnam រកឃើញកំណប់រ៉ែប្រេងកាតថ្មី ដែលអាចមានប្រេងឆៅជាង ១០០លានបារ៉ែល

BY Khmerpress May 9, 2024
ក្រុមហ៊ុន PetroVietnam រកឃើញកំណប់រ៉ែប្រេងកាតថ្មី ដែលអាចមានប្រេងឆៅជាង ១០០លានបារ៉ែល

(ហាណូយ)៖ ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PetroVietnam (PVEP) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានរកឃើញកំណប់រ៉ែប្រេងឆៅថ្មីចំនួនពីរកន្លែង ដែលមានប្រេងឆៅបឋមចំនួន ១០០,៥លានបារ៉ែលក្នុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការរកឃើញអណ្តូងរ៉ែថ្មីនេះ មានសារៈសំខាន់សម្រាប់ឧស្សាហកម្មប្រេង របស់ប្រទេសវៀតណាម ដែលបាននិងកំពុងជម្នះក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួន ដោយសារតែការថយចុះកំណប់រ៉ែប្រេង ក្នុងគ្រាដែលមានការកើនឡើង តម្រូវការប្រេងឥន្ធនៈ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន PVEP ថា ការខួងអណ្តូងប្រេង R79 នៅវាលប្រេង Rong Field ក្នុងប្លុក 09-1 នៅក្នុងសមុទ្រភាគអាគ្នេយ៍ប្រទេសវៀតណាម បានរកឃើញប្រេងឆៅបឋមចំនួន ១៦,៥លានបារ៉ែល។ វាលប្រេងឆៅនេះដំណើរការដោយក្រុមហ៊ុន Vietsovpetro ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងប្រទេសវៀតណាម និងប្រទេសរុស្ស៊ី។

ក្រុមហ៊ុន PVEP បានឱ្យដឹងថា ការរកឃើញអណ្តូងប្រេងផ្សេងទៀត គឺនៅអណ្តូង BA-1X នៅវាលប្រេង Bock PM3 CAA នៅភាគខាងត្បូងប្រទេសវៀតណាមដោយមានកំណប់ប្រេងឆៅបឋមចំនួន ៨៤លានបារ៉ែល។ ក្រុមហ៊ុន PVEP កាន់កាប់ភាគហ៊ុន ៣០ភាគរយនៅក្នុងប្លុកនេះ។ ការផលិតប្រេងឆៅនៅ BA-1X បានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភាដោយទទួលបានទិន្នផល ២ ១០០បារ៉ែលក្នុងមួយថ្ងៃ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ទិន្នផលប្រេងឆៅរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៣,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹម ២,៧៨លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: