សិល្បៈ

ក្រោយជាប់ជាប្រធាន «សមាគមសិល្បករខ្មែរ» ភ្លាម! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ ដល់មន្ទីរពេទ្យ

BY
Khmerpress
May 10, 2024
ក្រោយជាប់ជាប្រធាន «សមាគមសិល្បករខ្មែរ» ភ្លាម! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ ដល់មន្ទីរពេទ្យ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានតំណែង ជាប្រធានសមាគមសិល្បករខ្មែរភ្លាម មិនបង្អង់យូរឡើយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានចំណាយពេលវេលា ដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ ព្រឹទ្ធាចារ្យកោសល្យវោហារ​ លោកតា គង់​ ណៃ វីរសិល្បករចាប៉ីដងវែង​ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)​ ប្រកបដោយសេចក្ដីព្រួយបារម្ភ​ជាទីបំផុត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ។

នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ​ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ​ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែ លោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ​ ព្រមទាំងបាននាំយកនូវថវិកា របស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវអ្នកឧកញ៉ាផ្ទាល់ ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ​ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងថា ការដែលបានឡើងធ្វើជាប្រធានសមាគមសិល្បករខ្មែរនេះ លោកស្រីមិនឲ្យម្ចាស់ឆ្នោតខកចិត្តនោះទេ ពោលគឺខិតខំជួយរំលែកទុក្ខលំបាកអ្នករួមអាជីព ដោយការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តតាមរយៈពេលវេលាដ៏មានអត្ថន័យនេះ ទោះតិចក្ដីច្រើនក្ដី ពិតជាល្អបំផុត។

លោកជំទាវបានគោរពជូនពរដល់លោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ ដោយសង្ឃឹមថា​ សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ ហើយបានជួបលោកតាព្រឹទ្ធាចារ្យសារជាថ្មីម្ដងទៀតនា ពេលឆាប់ៗខាងមុខនេះ​ ខណៈសមាគមសិល្បករខ្មែរក៏កំពុងត្រៀមរៀបចំកម្មវិធីដ៏ធំមួយ សម្រាប់ជួយដល់សិល្បកររៀមច្បង​ ចាស់ជរា ហើយលោកជំទាវអ្នកឧកញ៉ាពិតជាចង់ឃើញព្រឹទ្ធាចារ្យ​ គង់​ ណៃ​ បង្ហាញវត្តមាននាឱកាសនោះ។

ដោយឡែក លោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ បានបង្ហាញអារម្មណ៍រីករាយ ដោយបានដឹងថា​ វត្តមានរបស់អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ ប្រធានសមាគមសិល្បករខ្មែរ មានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក​ ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ​ និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានរកឃើញប្រធានថ្មីនៅអាណត្តិទី៦នេះ គឺបានទៅលើលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានធ្វើការបោះឆ្នោតប្រកួតប្រជែង កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើននាក់ ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: