Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ១២នាក់បានបាត់បង់ជីវិត ក្រោយទឹកជំនន់ និងកម្អែភ្នំភ្លើងត្រជាក់ វាយប្រហារភាគខាងលិចឥណ្ឌូណេស៊ី

BY Nisaiy KP May 12, 2024
មនុស្ស ១២នាក់បានបាត់បង់ជីវិត ក្រោយទឹកជំនន់ និងកម្អែភ្នំភ្លើងត្រជាក់ វាយប្រហារភាគខាងលិចឥណ្ឌូណេស៊ី

(Padang, ឥណ្ឌូណេស៊ី)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះបានឱ្យដឹងថាមនុស្សយ៉ាងហោច ១២នាក់ ក្នុងនោះរួមមានទាំងកុមារបានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើងមួយវាយប្រហារលើភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារជួយសង្រ្គោះ និងស្វែងរករបស់ឥណ្ឌូណេស៊ី មហន្តរាយខាងលើបានកើតឡើងក្នុងស្រុក Agam និង Tanah Datar នៃខេត្ត West Sumatra នៅម៉ោង១០ ៖៣០នាទីយប់ ថ្ងៃសៅរ៍ម្សិលមិញ ក្រោយភ្លៀងធ្លាក់ជាច្រើនម៉ោងបង្កជាគ្រោះទឹកជំនន់ គួបផ្សំនឹងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើង Marapi។

នៅថ្ងៃអាទិត្យនេះដែរ លោក Abdul Malik ជាប្រធានទីភ្នាក់ជួយសង្រ្គោះក្នុងតំបន់ បានបញ្ជាក់ថាមនុស្ស១២នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងស្រុក Agam។ លោកបន្ថែមក្នុងចំណោមអ្នកស្លាប់ មាន៩នាក់ត្រូវបានបញ្ជាក់អត្តសញ្ញាណ ហើយក្នុងនោះមានក្មេងអាយុ៣ឆ្នាំម្នាក់ និង៨ឆ្នាំម្នាក់ ខណៈប្រតិបត្តិការជួយសង្រ្គោះនឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ មនុស្សយ៉ាងហោច ២៦នាក់ ក៏បានស្លាប់ផងដែរក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់វាយប្រហារលើខេត្ត West Sumatra៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: