ព័ត៌មានអន្តរជាតិ May 23, 2024

ល្បីថា iPhone 16 Pro និង Pro Max នឹងបំពាក់មកជាមួយកាមេរ៉ាគោលធំបំផុតរហូតដល់ ៤៨មេហ្គាភិចស៊ែល

Naren

(បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខ ថ្មីៗនេះមានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro និង iPhone 16 Pro Max នឹងទទួលបានការអាប់ដេតកាមេរ៉ាគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។ ពោលគឺ Apple នឹងដំឡើងទំហំកាមេរ៉ាគោលនៅលើ iPhone ទំនើបទាំងពីរនេះរហូតដល់ 48-Megapixel ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ gadgets360 នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ប្រភពព័ត៌មានមួយបានបង្ហោះនៅលើបណ្ដាញវេទិកាសង្គមចិន Weibo ថា iPhone 16 Pro Max នឹងបំពាក់ដោយកាមេរ៉ា Sony IMX903 កម្រិតខ្ពស់ទំហំ 48-Megapixel ចំណែកឯ iPhone 16 Pro ត្រូវបានគេនិយាយថា នឹងប្រើប្រាស់កាកាមេរ៉ា Sony IMX803 ទំហំ 48-Megapixel។ ខណៈកាមេរ៉ាដែលប្រើនៅលើ iPhone 16 Pro នេះគឺ ជាកាមេរ៉ាដែលមានស្រាប់នៅលើ iPhone 15 Pro Max។

ទន្ទឹមនឹងនេះទាំង iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានគេរំពឹងថា នឹងទទួលបានកាមេរ៉ា Ultra-Wide រហូតដល់ 48-Megapixel ឯណោះ ខណៈដែលនៅលើ iPhone 15 Pro និង iPhone 15 Pro Max មានត្រឹមតែ 12-Megapixel។ ជាងនេះទៅទៀត ប្រភពដដែលបានបន្តអះអាងថា iPhone 16 Pro Max នឹងនៅតែរក្សាកាមេរ៉ា Telephoto (Optical Zoom 5x) ដដែលដូចទៅនឹងជំនាន់មុន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ iPhone 16 Pro អាចត្រូវបានដំឡើងទៅកាមេរ៉ា Telephoto (Optical Zoom 5x) ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News