ស្ថានទូតថៃ ចូលថ្វាយបង្គុំគាល់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដើម្បីថ្វាយអង្ករ៤០០គីឡូក្រាម ជូនដល់មូលនិធិមុធិតា
(ភ្នំពេញ)៖ លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូត បានដឹកនាំសហការី ដែលជាមន្ត្រីរាជការ នៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គុំគាល់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រះអនុជនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីជាការទូលថ្វាយនូវអង្ករចំនួន៤០០គីឡូក្រាម ជូនដល់មូលនិធិមុធិតា។
![](https://thekhmerpress.com/wp-content/uploads/2024/05/fn-2024-05-23-11-26-12-0.jpg)
ក្នុងឱកាសនេះដែរ សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី បានរាជានុញ្ញាតឲ្យលោកឯកអគ្គរាជទូត និងមន្ត្រីរាជការនៃស្ថានទូតថៃ ចូលរួមផ្តល់អង្គរបន្តជូន ដល់តំណាងសាលាមធ្យម វិចិត្រសិល្បៈ ដើម្បីឧបត្ថម្ភ គាំទ្រស្ថាប័នអប់រំសហគមន៍នៅក្នុងមូលដ្ឋាន និងអ្នកដែលខ្វះខាតជួបការលំបាក។
សកម្មភាពខាងលើនេះ រៀបចំឡើងនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News