Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុនព្រមានជាថ្មីអំពីការធ្លាក់ថ្លៃប្រាក់យ៉េន និងត្រៀមខ្លួន ក្នុងការធ្វើអន្តរាគម

BY Naren May 25, 2024
ជប៉ុនព្រមានជាថ្មីអំពីការធ្លាក់ថ្លៃប្រាក់យ៉េន និងត្រៀមខ្លួន ក្នុងការធ្វើអន្តរាគម

(អ៊ីតាលី)៖ លោក Masato Kanda អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របនៅក្នុងទីផ្សារ «នៅពេលណាក៏បាន» ដើម្បីប្រឆាំងនឹងការប្រែប្រួលលើសលប់ របស់ប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kanda ក៏បាននិយាយដែរថា លោកកំពុងមានទាក់ទងយ៉ាងជិតស្និទ្ធជាមួយសមភាគីបរទេស ជាពិសេសនៅសហរដ្ឋអាមេរិកអំពីបញ្ហានានា រួមទាំងទីផ្សារហិរញ្ញវត្ថុផងដែរ។

លោក Kanda ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ស្ថិតក្រោមរបបអត្រាប្តូរប្រាក់ ដែលមានភាពបត់បែនបាន យើងនឹងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ប្រសិនបើការប្រែប្រួលតម្លៃរូបិយប័ណ្ណមានស្ថិរភាព។ ប៉ុន្តែប្រសិនបើមានការប្រែប្រួលខ្លាំងពេក ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច យើងត្រូវចាត់វិធានការ ហើយការធ្វើដូច្នេះនឹងសមហេតុផល»។

បន្ទាប់ពីអមដំណើររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G7 នៅទីក្រុងស្រ្តេសា ភាគខាងជើងប្រទេសអ៊ីតាលី លោកបានថ្លែងថា៖ «យើងត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើសកម្មភាពនៅពេលណាក៏បានតាមតម្រូវការ ទៅលើការប្រែប្រួលតម្លៃប្រាក់យ៉េន»។

លោក Kanda បានលើកឡើងដូច្នេះមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក គឺលោក Janet Yellen បាននិយាយថា អន្តរាគមន៍លើរូបិយប័ណ្ណគួរតែត្រូវធ្វើឡើងដោយកម្រ និងក្នុងរបៀបដែលមានការក្រប់គ្រងល្អ។

ប្រាក់យ៉េនបានធ្លាក់ចុះថ្លៃ ១១ភាគរយធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ។ កាលពីថ្ងៃសុក្រ រូបិយប័ណ្ណនេះជួញដូរក្នុងតម្លៃ ១៥៦,៩៨យ៉េនក្នុងមួយដុល្លារ ដែលស្ថិតនៅមិនឆ្ងាយពីកម្រិតទាបបំផុត ក្នុងរយៈពេលជាងបីសប្តាហ៍គឺ ១៥៧,១៩យ៉េនកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ​៖ Fresh News

Share This Post: