ព័ត៌មានជាតិ May 25, 2024

ក្រោយបញ្ជានាយករដ្ឋមន្ដ្រី! រយៈពេល២ថ្ងៃ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីក្មេងទំនើង៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់

Naren

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានបង្ក្រាបករណីក្មេងទំនើងបង្កអុកឡុកសង្គម ចំនួន៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបង្កអំពើហិង្សា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទាំង៥ករណីនេះ រួមមាន៖

*ទី១៖ នៅខណ្ឌសែនសុខ ១ករណី ឃាត់២នាក់
*ទី២៖ នៅខណ្ឌដង្កោ ១ករណី ឃាត់៧នាក់
*ទី៣ នៅខណ្ឌចំការមន ១ករណី ឃាត់១នាក់ (កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដាវ)
*ទី៤៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ១ករណី ឃាត់៨នាក់
*ទី៥៖ ខណ្ឌពោធិ៍សែនជ័យ ១ករណី ឃាត់២នាក់ (កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដាវ) ដកហូតវត្ថុតាងមួយចំនួនដូចជា ដាវ កាំបិត ដុំថ្ម។

លោកស្នងការបានអះអាងថា ក្មេងទំនើងដែលបង្ក្រាបបាននេះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

លោកបានបន្ដថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុនម៉ាណែត, លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្ដប្រតិបត្តិការនេះយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News