Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សន្ទុះនៃចំនួនលក់ iPhone នៅក្នុងប្រទេសចិន បានហក់ឡើងខ្ពស់ដល់ទៅ ៥២ភាគរយក្នងខែមេសា

BY Naren May 29, 2024
សន្ទុះនៃចំនួនលក់ iPhone នៅក្នុងប្រទេសចិន បានហក់ឡើងខ្ពស់ដល់ទៅ ៥២ភាគរយក្នងខែមេសា

(បរទេស)៖ បន្ទាប់ពីជួបព្យុះភ្លៀងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខា្នតយក្ស Apple កំពុងទាញយកប្រជាប្រិយភាពរបស់ខ្លូនត្រឡប់មកវិញហើយ ដោយក្នុងខែមេសាកន្លងទៅនេះ ចំនួនលក់ iPhone បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥២ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកើនឡើងនេះ កើតឡើងបន្ទាប់ពីដំណើរការខ្សោយកាលពីដើមឆ្នាំនេះនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារកម្រិតខ្ពស់ពីគូប្រជែងក្នុងស្រុកដូចជា Huawei។

យោងតាមទិន្នន័យពីរដ្ឋាភិបាលចិន CAICT បានឱ្យដឹងថា ការនាំចេញទូរស័ព្ទម៉ាកបរទេសនៅក្នុងប្រទេសចិន បានកើនឡើងប្រមាណ៥២ភាគរយ ក្នុងខែមេសា ដែលឈានដល់ចំនួននាំចេញសរុប ៣.៤៩៥លានគ្រឿងច្រើនជាង បើធៀបនឹងចំនួន ២.៣០១លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះភាគហ៊ុនរបស់ Apple ក៏បានកើនឡើង ២.៣ភាគផងដែរ។

ប្រភពពីទីភ្នាក់ងារ Reuters ដដែលបាននិយាយថា បើទោះជាទិន្នន័យនេះមិនបាននិយាយអំពីក្រុមហ៊ុន Apple យ៉ាងច្បាស់លាស់ក៏ដោយ ក៏ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតទូរស័ព្ទបរទេសដ៏លេចធ្លោនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។ នេះបង្ហាញថាការកើនឡើងនៃការនាំចេញម៉ាកបរទេសអាចត្រូវបានសន្មតថាជាដំណើរការរបស់ Apple។

យ៉ាងណាមិញ ចំនួននៃការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនកាលពីខែមីនាកន្លងទៅបានកើនឡើង ១២ភាគរយ ដែលជាលទ្ធផលគួរឱ្យកត់សម្គាល់បើធៀបទៅនឹងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុនយក្សនេះ បានរងការធ្លាក់ចុះនៃចំនួនលក់រហូតដល់ ៣៧ភាគរយឯណោះ។ ដោយឡែកការលក់នេះត្រូវបានគេរំពឹងថា អាចនឹងកើនឡើងបន្ថែមទៀតនៅក្នុងខែឧសភា នៅពេលដែលក្រុមហ៊ុន Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃដ៏ខ្លាំងក្លាមួយក្នុងខែនេះនៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លូននៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ (ប្រហែល ៣១៨ ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។

គួរជម្រាបថា កាលពីដើមខែនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏បានព្យាករណ៍ពីកំណើនការលក់ iPhone នៅក្នុងទីផ្សារមួយចំនួន រួមទាំងប្រទេសចិនផងដែរ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះ ៨.១ភាគរយ នៅក្នុងប្រាក់ចំណូលត្រីមាសទីពីរពីតំបន់ Greater China៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: