ព័ត៌មានជាតិ May 31, 2024

ក្រោយក្លាយជាទូតសុច្ឆន្ទៈ ហនុមាន Manny Pacquiao ថា មកកម្ពុជាក៏ដើម្បីផ្សារភ្ជាប់វប្បធម៌ និងលើកស្ទួយគុនខ្មែរដែរ

Naren

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា ស្តេចប្រដាល់សកលពិភពលោក លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុម ហនុមាន ប៊ែវើរីជីស (Hanuman Beverages) នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

តាមរយៈភាពជាដៃគូ នៃការក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជានេះ លោក Manny Pacquiao បានសម្ដែងនូវសេចក្ដីករីករាយជាខ្លាំង ហើយលោកបានសង្កត់ធ្ងន់ថា កិច្ចសហការមួយនេះ មិនត្រឹមតែជាការលើកកម្ពស់គុនតម្លៃនៃម៉ាកសញ្ញា ហនុមាន នោះទេ តែក៏ជាឱកាសផ្សាភ្ជាប់នូវវប្បធម៌ ក៏ដូចជាការរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ។

វត្តមានរបស់ស្ដេចប្រដាល់សកលពិភពលោកនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមាន តាមរយៈការទទួលបដិសណ្ធារកិច្ចដ៏ស័ក្តិសម និងល្អឥតខ្ចោះ ជាមួយការរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីរំភើបដែល ហនុមាន មានចំពោះភាពជាដៃគូគួរជាទីមោទន និងបោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក Manny Pacquiao ក៏ដូចជាឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។

ថ្លែងក្នុងពិធីចុះហត្ថលេខាផ្លូវការ នៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ និងសន្និសីទសារព័ត៌មាន នៅរាត្រីថ្ងៃព្រហស្បត្តិនេះ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា អគ្គនាយិកា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានបង្ហាញនូវសេចក្ដីរំភើបរីករាយជាខ្លាំង ក្នុងការស្វាគមន៍លោក ម៉ានី ប៉ាគីអាវ ចូលក្នុងគ្រួសារ ហនុមាន ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ដែលជាពេលវេលាដ៏អស្ចារ្យ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ហ៊ុន។

លោកជំទាវបន្ដថា «នេះជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងពោរពេញដោយឧត្តមភាពរបស់យើង ក្នុងការស្វែងរកដៃគូដែលចែករំលែក និងមានចក្ខុវិស័យរួមគ្នា ដើម្បីធ្វើឱ្យម៉ាកសញ្ញា ហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ មានភាពល្បីល្បាញ កាន់តែទូលំទូលាយទូទាំងពិភពលោក» ។

ទន្ទឹមជាមួយគ្នា លោក Manny Pacquiao នឹងចូលរួមទស្សនាព្រឹត្តិការណ៍ហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នារាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែក នៅទីក្រុងកោះពេជ្រ ។ លើសពីនេះ លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន តាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។

លោក ម៉ានី ប៉ាគីអាវ បានថ្លែងថា «ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការចូលរួមជាមួយក្រុមហ៊ុន ហនុមានប៊ែវើរីជីស។ វាពិតជារំភើបខ្លាំងណាស់ ក្នុងការមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយសម្បូរទៅដោយវប្បធម៌ និងអរិយធម៌។ នៅពេលខ្ញុំបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ខ្ញុំពិតជារំភើបចំពោះអ្វីដែលនឹងកើតឡើងនៅពេលខាងមុខនេះ។ ភាពជាដៃគូនេះមិនមែនគ្រាន់តែដើម្បីកីឡា ឬអាជីវកម្ម វាក៏ដើម្បីការផ្សារភ្ជាប់វប្បធម៌ ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេង និងការលើកកម្ពស់ស្មារតីនៃប្រជាជាតិដ៏អស្ចារ្យនៅលើឆាកពិភពលោក»

លោកថា «ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាបានចែករំលែកនូវទស្សនវិស័យ ដែលពោរពេញដោយឧត្តមភាពដ៏អស្ចារ្យបំផុត។ ខ្ញុំនៅទីនេះដើម្បីលើកម្ពស់គុណតម្លៃនៃម៉ាកសញ្ញា ហនុមាន លើកស្ទួយគុនខ្មែរ និងអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យនេះ។ បន្ទាប់ពីថ្ងៃរាត្រីនេះយើងនឹងឆ្ពោះទៅកាន់ឧត្តមភាពថ្មីដ៏អស្ចារ្យនិងគួរជាទីមោទនទាំងអស់គ្នា។ សូមអរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅនេះ ហើយយើងទន្ទឹងរង់ចាំក្នុងការឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយគ្នា»។

ឆ្លៀតក្នុងរាត្រីដ៏វិសេសវិសាលនេះដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានប្រកាសពីការដាក់លក់នូវហ្គង់ប្រដាល់ ដែលមានហត្ថលេខាផ្តាច់មុខរបស់សម្ដេចប្រដាល់លោក Manny Pacquiao ក្នុងតម្លៃ ១,០០០ដុល្កលារ(មួយគូ) ហើយប្រាក់ចំណូល ដែលបានមកពីការលក់ទាំងនេះ នឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។

បន្ថែមពីលើការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកកិច្ចសហការភាគីទាំងពីរ ដោយផ្តើមចេញពីការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទទូលបានបទពិសោធន៍ម៉ាកយីហោដ៏ស៊ីជម្រៅ ភាពជាដៃគូនេះ នឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត។

គួរដឹងថា ការចុះហត្ថលេខាផ្លូវការ នៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក Manny Pacquiao ក៏មានការចូលរួមពីសក្ខីភាពពីថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កីឡាករប្រដាល់គុនខ្មែរលំដាប់កំពូលៗ តំណាងស្ថានីយទូរទស្សន៍បាយ័ន និងសមាជិកសារព័ត៌មានជាច្រើនផងដែរ ដែលជំរុញឲ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាផ្លូវការដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាលមួយនេះ។

លោក Manny Pacquiao គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញាក្រុមហ៊ុន ហនុមានប៊ែវើរីជីស ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុនមកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ Fresh News