ព័ត៌មានជាតិ May 31, 2024

អ្នកនាំពាក្យពាណិជ្ជកម្ម៖ ទីផ្សារ RCEP ស្រូបយកចំណែកជាង ៦០% នៃការនាំចេញសរុបរបស់កម្ពុជា ខណៈទីផ្សារចិនទិញកសិផលច្រើ​ន

Liny Chan

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) បានដណ្ដើមបានចំណែកទីផ្សារប្រមាណជាង ៦០ភាគរយ នៃការនាំចេញសរុប ខណៈទីផ្សារចិនស្រូបយកកសិផលច្រើ​ន។

ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «មធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។

លោក ប៉ែន សុវិជាតិ បានថ្លែងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោកមានទំហំជាង ៥២ពាន់លានដុល្លារ ចំណែកនៅក្នុងឆ្នាំ២០២៣ មានទំហំជាង ៤៨ពាន់លានដុល្លារ ធ្លាក់ចុះ៨ភាគរយ ប៉ុន្ដែក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនឡើងរហូតដល់ជិត ៥ភាគរយ តែការនាំចូលមានការធ្លាក់ចុះ។

លោកបញ្ជាក់ថា «ទីផ្សាររបស់កម្ពុជាដែលយើងចែកជាប្លុក និងធំជាងគេទី១ គឺទីផ្សារ RCEP និងដណ្ដើមយកចំណែកទីផ្សារមួយយ៉ាងធំ រហូតដល់ ៦១ភាគរយនៃទីផ្សារពិភពលោក ក្នុងឆ្នាំ២០២៣, ទីផ្សារសហរដ្ឋអាមេរិកមានជាង ១៩ភាគរយ, កាណាដា, UK, ចិន និងសហគមន៍អឺរ៉ុប ហើយចំណែកនៃទីផ្សារទាំងអស់នេះ បានស្រូបយកទំនិញនាំចេញរបស់កម្ពុជា ទៅតាមសេចក្ដីត្រូវការ និងការផលិតរបស់កម្ពុជា»។

លោកបានបន្ថែមថា ក្នុងនោះទីផ្សារចិន ជាទីផ្សារដែលស្រូបយក ផលិតផលកសិផលច្រើនជាងគេ ដោយក្នុងនោះមានអង្ករ, កសិផល, ត្រីសាច់, បាននាំចេញទៅប្រទេសចិនច្រើន ចំណែកកម្ពុជា បាននាំចូលវត្ថុធាតុដើមពីប្រទេសចិនជាច្រើនផងដែរ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ​មានសមាជិកចំនួនប្រទេស​១៥ ​មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, ​វៀតណាម, ​ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់៕