ព័ត៌មានអន្តរជាតិ May 31, 2024

Telegram ចាប់ផ្ដើមផ្សាយពាណិជ្ជកម្មនៅលើ Channel ធំៗ និងល្បីៗនៅជុំវិញពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ

Naren

(បរទេស)៖ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ លោក Pavel Duro ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសជាផ្លូវការថា កម្មវិធីមួយនេះនឹងចាប់ផ្ដើមស្វែងរកប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Channel ធំៗ និងល្បីៗ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការចាប់ផ្កើមឡើយ។

យោងតាមការបញ្ជាក់ពីសំណាក់ស្ថាបនិករូបនេះ បានឱ្យដឹងថា កម្មវិធី «Telegram Ads on Channels» គឺកំពុងតែសាកល្បងទៅលើ Channel ធំៗនៅតាមបណ្ដាប្រទេសជាច្រើន ពោលគឺ Channel ដែលមានសមាជិក (subscribers) ចាប់ពី ១០០០នាក់ឡើង ប៉ុន្តែមិនមែនសុទ្ធតែត្រូវបាន Telegram ជ្រើសរើសយកទាំងអស់នោះទេ ពោលគឺទាល់តែ Channel ទាំងនោះជា Channel ផ្លូវការ និងបង្កើតមាតិកាដោយខ្លួនឯង។

ចំពោះទឹកប្រាក់ដែលមានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន Telegram បានធ្វើការចែករំលែកជាពីរគឺ ៥០ភាគរយសម្រាប់ម្ចាស់ Channel ដើម្បីជាការលើកទឹកចិត្តក្នុងការជំរុញឱ្យបន្តផលិតមាតិកាល្អៗដល់អ្នកតាមដាន និងនៅលើស ៥០ភាគរយទៀតគឺជាចំណែករបស់ Telegram ដោយផ្ទាល់។

ការបង្ហាញផ្ទាំងពាណិជ្ជកម្មរបស់ Telegram ហាក់មានលក្ខណៈប្លែកពីគេបន្តិច ដោយវាមិនផ្ដោតសំខាន់ទៅលើទិន្នន័យរបស់អ្នកប្រើនៅក្នុង Channel នោះទេ គឺវាផ្ដល់សំខាន់លើ Channel ណាដែលវាគិតថា គួរតែផ្សព្វផ្សាយ ដើម្បីផ្ដល់ឱកាសខ្ពស់ដល់ម្ចាស់ Channel ក្នុងការទទួលបានអត្ថប្រយោជន៍ពីកម្មវិធីមួយនេះ។

សម្រាប់លោកអ្នកដែលមិនចង់ឃើញការផ្សព្វផ្សព្វពាណិជ្ជកម្មរបស់ Telegram គឺវាតម្រូវឱ្យធ្វើការ Update ទៅកាន់ Telegram Premium ៕ ផ្តល់សិទ្ធិដោយ៖ Fresh News