ព័ត៌មានជាតិ June 2, 2024

ក្រុមអាជីវករលក់ទូរសព្ទនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវកម្លាំងគយចុះបង្ក្រាបទូរសព្ទអត់បង់ពន្ធអះអាងថា ទូរសព្ទជួសជុល និងទូរសព្ទ “Nokia N ចុចពិល” កម្លាំងគយមិនចាប់យកទេ និងស្នើសុំឱ្យបន្ធូរបន្ថយតម្លៃគិតពន្ធ ចំពោះទូរសព្ទមួយទឹក ដើម្បីឆាប់បានទូរសព្ទយកទៅលក់ដូរវិញ

Nisaiy KP

(ត្បូងឃ្មុំ)៖ ក្រុមអាជីវករលក់ទូរសព្ទនៅផ្សារមេមត់ ខេត្តត្បួងឃ្មុំ ដែលត្រូវបានកម្លាំងគយចុះបង្ក្រាបទូរសព្ទអត់ពន្ធ កាលពីពេលថ្មីៗនេះ បានអះអាងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបរបស់កម្លាំងគយ មិនបានចាប់យកទូរសព្ទ ដែលបងប្អូនប្រជាពលរដ្ឋ យកមកជួសជុលនោះទេ ហើយចំពោះទូរសព្ទ Nokia N ចុចពិល ដែលល្បីថា ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ក៏កម្លាំងគយមិនបានចាប់យកដែរ។

ក្រុមអាជីវករបានដាក់ការងឿងឆ្ងល់មិនដឹងថា ប្រភពព័ត៌មានទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ចេញមកពីណានោះទេ។ ពួកគាត់សុទ្ធតែអះអាងថា ករណីទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធ ៩៣ដុល្លារ គឺមិនពិតទេ។

ក្រុមអាជីវករបញ្ជាក់ថា ទូរសព្ទដែលកម្លាំងគយចាប់នោះមានទូរសព្ទថ្មី និងទូរសព្ទមួយទឹកៗ ដែលទើបនាំចូល (ពុំមែនទូរស័ព្ទ១ទឹក ដែលបានដោះដូរក្នុងស្រុក ឬក្នុងភូមិទេ) បើទូរសព្ទថ្មី ក្រុមហ៊ុនដែលពួកគាត់បញ្ជាទិញមក គឺធានាបង់ពន្ធជូន ប៉ុន្តែអ្វីដែលបារម្ភនោះ គឺទូរស័ព្ទមួយទឹកដែលពិបាក។

ជាមួយគ្នានេះ ដើម្បីអាចឆាប់ដំណើរការរកស៉ីឡើងវិញ​ ក្រុមអាជីវករទាំងនោះ សំណូមពរដល់សមត្ថកិច្ចគយជួយពន្លឿនការដោះស្រាយ និងស្នើសុំការបន្ធូរបន្ថយតម្លៃគិតពន្ធ ចំពោះទូរស័ព្ទមួយទឹកទៅតាមស្ថានភាពជាក់ស្តែង នៃទូរស័ព្ទមួយទឹកៗទាំងនោះ។

លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានបញ្ជាក់ថា ចំពោះទូរសព្ទដៃចំនួន ៤គ្រឿង ដែលប្រជាពលរដ្ឋយកមកជួសជុល នៅហាងលក់ទូរសព្ទពិសិដ្ឋ ហើយត្រូវបានកម្លាំងគយ ចាប់យកមកជាមួយនោះ លោកនឹងប្រគល់ជូនម្ចាស់ហាងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

https://www.facebook.com/share/v/wK1x9i36A4Xk96aJ/?mibextid=WC7FNe