ព័ត៌មានអន្តរជាតិ June 3, 2024

Mbappe ព្រមព្រៀងចុះកិច្ចសន្យាលេងឱ្យ Real Madrid ៥ឆ្នាំ នៅពេលចាកចេញពី PSG

Naren

(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានព្រមព្រៀងស៊ីញ៉េកុងត្រាជាមួយ Real Madrid មានសុពលភាពដល់ឆ្នាំ២០២៩ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិបបារាំង Paris Saint-Germain។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កិច្ចសន្យាចាស់របស់ប្រធានក្រុមមាន់គកបារាំង វ័យ ២៥ឆ្នាំ នឹងផុតសុពលភាពជាផ្លូវការនៅកីឡដ្ឋាន Parc des Princes ជាមួយ PSG ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការប្រកាសចាកចេញពីក្លិបជើងឯក Ligue 1 រួចរាល់ផងដែរ ក្រោយព្រមព្រៀងជាមួយក្លិបអេស្ប៉ាញ Real Madrid តាំងពីខែកុម្ភៈមក។

ក្រុមជើងឯកលីគ La Liga និង UEFA Champions League រដូវកាលនេះ Real Madrid ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចសន្យា និងបង្ហាញខ្លួន Mbappe នៅសប្តាហ៍ក្រោយ ពោលគឺមុនពេលចាប់ផ្តើម Euro 2024 នៅអាល្លឺម៉ង់។

Mbappe តារា World Cup 2018 ជាមួយជម្រើសជាតិបារាំង គឺជា Top scorer របស់ PSG ដោយរកបាន ២៥៦គ្រាប់ច្រើនជាងគេ គិតចាប់តាំងពីផ្ទេរពីក្លិបរួមលីគ AS Monaco ក្នុងឆ្នាំ២០១៧។ ការចុះកិច្ចសន្យាថ្មីជាមួយអធិរាជសនេះ រូបគេនឹងទទួលបាន ១៥លានអឺរ៉ូក្នុង ១រដូវកាល បន្ថែមទៅលើប្រាក់ឧបត្ថម្ភ ១៥០លានអឺរ៉ូផ្សេងទៀត ទៅលើការចុះកិច្ចសន្យារយៈពេល ៥ឆ្នាំផងដែរលេងនៅ Santiago Bernabeu៕ ផ្តល់សិទ្ធិដោយ Fresh News