Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយកប្រចាំតំបន់របស់ WHO ថាប្រជាជនមួយចំនួនក្នុងតំបន់ហ្កាហ្សា កំពុងផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ

BY Naren June 5, 2024
នាយកប្រចាំតំបន់របស់ WHO ថាប្រជាជនមួយចំនួនក្នុងតំបន់ហ្កាហ្សា កំពុងផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ

(ហ្កាហ្សា)៖ នាយកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើត នៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី Hanan Balkhy បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនខ្លះ នៅក្នុងតំបន់ហ្កាហ្សា ឥឡូវនេះត្រូវបង្ខំចិត្តផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ ខណៈសង្គ្រាម​រវាងអ៉ីស្រាអែល និង​ក្រុម​ហាម៉ាស​ ​បង្កផលប៉ះពាល់ដល់ការថែទាំ​សុខភាព​ទូទាំង​តំបន់​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្តាល WHO ក្នុងទីក្រុងហ្សឺណែវ លោកស្រី Hanan Balkhy ដែលជាអ្នកជំនាញសុខភាពកុមារមួយរូបផងនោះ បានប្រាប់ AFP ថា ផលប៉ះពាល់ចំពោះកុមារ នឹងមានលក្ខណៈយូរអង្វែង ហើយធ្ងន់ធ្ងរ។ លោកស្រីបញ្ជាក់ថា នៅក្នុងតំបន់ហ្កាហ្សា «មានមនុស្សកំពុងបរិភោគចំណីសត្វ ស្មៅ ហើយផឹកទឹកសម្អុយ។ ក្មេងៗស្ទើរតែ​មិន​អាចរកអាហារ​បរិភោគ​បាន ខណៈ​រថយន្ត​ដឹកជំនួយកំពុង​ជាប់គាំងនៅ​ខាង​ក្រៅទីក្រុង Rafah»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស ការទម្លាក់គ្រាប់បែក និងការវាយលុកជើងគោករបស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហារ ថ្ងៃទី៧ តុលារបស់ក្រុមហាម៉ាស បាននាំឱ្យមនុស្សស្លាប់កើនឡើងដល់ ៣៦,៥៥០នាក់ ហើយភាគច្រើនជាជនស៉ីវិល។ UN ធ្លាប់ព្រមានជាយូរមកហើយ អំពីគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ក្នុងតំបន់ហ្កាហ្សាដោយមនុស្ស ១.១លាននាក់ ឬជាងពាក់កណ្តាលនៃប្រជាជនសរុបក្នុងតំបន់ កំពុងប្រឈមមុខនឹងមហន្តរាយនៃអសន្តិសុខស្បៀង៕ ផ្តល់សិទ្ធិដោយ Fresh News

Share This Post: