ព័ត៌មានជាតិ June 16, 2024

នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប អំពាវនាវដល់យុវជនទាំងអស់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបាននូវជំនាញពិតប្រាកដសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារ

Nisaiy KP

(សៀមរាប)៖ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានអំពាវនាវដល់យុវជនទាំងអស់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញពិតប្រាកដសម្រាប់ផ្គត់ផ្គងគ្រួសារ នៅពេលអនាគត និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផង​ដែរ។

លោកស្រី ផង់ ពុទ្ធី អំពាវនាវដូច្នេះក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ » ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី ផង់ ពុទ្ធី បានបន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅក្រៅប្រព័ន្ធ រយៈពេល៥ឆ្នាំ មានចំនួន១.៥លាននាក់ ក្នុងនោះដែរ មានជំនាញការងារជាងកំបោរ, ការដំឡើងបណ្តាញបំពងទឹក, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មកុំព្យូទ័រ, ការរចនក្រាហ្វិកដោយកុំព្យូទ័រ, ធុរកិច្ច​ភេសជ្ជៈ (ក្រឡុកស្រា), ការដំឡើងអគ្គិសនីក្នុងអគារ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថភាព, សេវាកម្មសំអាងកាយ, សេវាកម្មកាត់សក់បុរស និងជំនួយការចុងភៅ (ធ្វើម្ហូប)។

លោកស្រី ផង់ ពុទ្ធី បានបន្តទៀតថា បច្ចុប្បន្ននេះវិទ្យាស្ថានមានសិស្សសរុបចំនួន ៦៣៣នាក់ ក្នុងនោះមានស្រីចំនួន ១៩៧អ្នក ហើយយុវជននោះមកពីក
គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ក្រៅពីការបណ្តុះបណ្តាលនៅក្នុងគំរោងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ វិទ្យស្ថានបានទៅបណ្តុះបណ្តាលរហូតដល់ក្រុងរ៉ុនតាឯក ដោយយោងតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយសារប្រជាពលរដ្ឋបានផ្លាស់ទីលំនៅពីមុខអង្គរទៅរស់នៅក្រុងរ៉ុនតាឯក ហើយប្រជាពលរដ្ឋនៅទីនោះ ជាគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដូច្នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បង្កើកឲ្យមានវគ្គបណ្តុះបណ្តាលចល័ត នៅវិទ្យាល័យហ៊ុនសែនរ៉ុនតាឯក ក្នុងនោះរួមមានជំនាញសំអាងកាយ និងជំនួយការចុងភៅផងដែរ។

អ្នកគ្រូ ហម រ៉ូហ្សា ប្រធានដេប៉ាតឺម៉ង់សេវាកម្ម និងផលិតកម្ម នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានឲ្យដឹងថា វគ្គនេះមានសារៈសំខាន់សម្រាប់យុវជន ដោយសារតែនៅក្នុងវគ្គនេះ បានផ្តល់ឱកាសដល់យុវជន ដែលអត់ការងារធ្វើ អ្នកបោះបង់ការសិក្សា ជាពិសេសដល់យុវជនដែលមានប័ណ្ណសមធម៌ (ក្រ១ ក្រ២) ហើយយុវជនទូទៅក៏អាចចូលរៀនបានដែរ។ ចំពោញវគ្គនឹងមានរយៈពេលខ្លី រៀនចប់ ហើយចេះ ងាយស្រួលរកការងារធ្វើ។ ជាពិសេសជាងនេះទៅទៀត វិទ្យាស្ថានក៏បានសហការជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន ដើម្បីអប់រំ និងសម្របសម្រួលដល់ពួកគាត់ឲ្យចូលរៀនជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផង​ដែរ។

ចំណែកលោក អ៊ុល សុវណ្ណ ជាសិស្សរៀននូវជំនាញការដំឡើងអគ្គិសនីក្នុងអគារ សង្សឹមថា បន្ទាប់ពីរៀនចប់វគ្គនេះលោកនឹងអាចយកទៅធ្វើអាជីវកម្ម និងរកការងារធ្វើបាន ដោយសារគាត់ទទួលបាននូវបទពិសោធន៍ពីលោកគ្រូ អ្នកគ្រូ ដែលគាត់មានជំនាញច្បាស់លាស់ ក្នុងការបង្រៀន ព្រមទាំងមានសម្ភារៈគ្រប់គ្រាន់ក្នុងការអនុវត្តផ្ទាល់ពេលដែលកំពុងសិក្សា។ 

លោកក៏បានអំពាវនាវដល់យុវជនទាំងអស់ដែលបានបោះបង់ការសិក្សា និងយុវជនដែលមិនមានការងារធ្វើឲ្យងាកមករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបានចេះនូវជំនាញពិតប្រាកដ និងងាយស្រួលប្រកបរកចឹញ្ចឹមជីវិតនាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា លក្ខខណ្ឌជ្រើសរើសចូលរៀន៖ ក្រុមគោលដៅអាទិភាពទី១-មានប្រាក់ឧបត្ថម្ភ ២៨០.០០០រៀល ក្នុង១ខែ រយៈពេល៤ខែ ក្នុងអំឡុងពេលសិក្សា, បេក្ខជនជាសមាជិក មកពីគ្រួសារមានប័ណ្ណសមធម៌ (ក្រ១ និងក្រ២) ឬបេក្ខជនជាសមាជិក មកពីគ្រួសារមានប័ណ្ណងាយរងហានិភ័យ។ ក្រុមគោលដៅអាទិភាពទី២៖ រៀនដោយមិនបង់ប្រាក់ តែមិនទទួលបានប្រាក់ឧបត្ថម្ភឡើយ, បេក្ខជនមកពីគ្រួសារមានបណ្ណសំគាល់មានពិការភាព និងមានបណ្ណមូលនិធិសមធម៌សុខាភិបាល ពណ៌លឿង, បេក្ខជនដែលឧទ្ទេសនាមដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, បេក្ខជនទាំង២គោលដៅ ត្រូវមានអាយុចាប់ពី១៥ឆ្នាំ ដល់៤៥ឆ្នាំផង​ដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews