ព័ត៌មានអន្តរជាតិ June 28, 2021

ថៃរកឃើញករណីឆ្លងកូវីដ១៩ បំប្លែងខ្លួនប្រភេទ Beta ដែលមានប្រភពមកពីតំបន់អាហ្រ្វិកខាងត្បូងជាលើកដំបូង

Khmerpress

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញជាលើកដំបូងនូវករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ Beta ដែលជាមេរោគបំប្លែងខ្លួនថ្មីមកពីតំបន់អាហ្រ្វិកខាងត្បូង។

ករណីឆ្លងមេរោគបំប្លែងថ្មីនេះត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក ខណៈគេជឿថាករណីឆ្លងនេះគឺមានប្រភពមកពីប្រទេសម៉ាឡេស៊ីដែលបានរាតត្បាតចូលមកតំបន់ភាគត្បូងប្រទេសថៃនិងថ្មីៗនេះក៏បន្តរាតត្បាតមកដល់ក្រុងបាងកកតែម្តង។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងថ្ងៃចន្ទ ទី២៨ ខែមិថុនានេះ លោក Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃនឹងបើកសន្និសិទ្ធការសែតជាសាធារណៈមួយដើម្បីបកស្រាយលម្អិតជុំវិញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះផងដែរ។

គួរបញ្ជាក់ថា​ ការរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះត្រូវបានកើតឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងច្រើន រហូតរដ្ឋាភិបាលថៃបានសម្រេចដាក់វិធានការរឹតបន្តឹងក្នុងទីក្រុងបាងកកនិងខេត្តចំនួន ៥ ផ្សេងទៀតដែលស្ថិតនៅជុំវិញក្រុងបាងកករយៈពេល​ ៣០ថ្ងៃ។ សូមបញ្ជាក់ផងដែរថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤៤,៤៤៧ ករណី និងស្លាប់សរុបចំនួន ១,៩១២ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍