ព័ត៌មានអន្តរជាតិ June 27, 2024

Google គ្រោងរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញមុខងារ AI នៅលើទូរស័ព្ទដៃជាលើកដំបូង

Naren

(បរទេស)៖ របាយការណ៍ថ្មីពី The Verge បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គ្រោងរៀបព្រឹត្តិការណ៍ Hardware ដ៏ធំបំផុតរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ ជាមួយនឹងការដាក់បង្ហាញនូវមុខងារបញ្ញាសិប្បនិម្មិត (AI) ការធ្វើបច្ចប្បន្នភាពទៅកាន់ទូរស័ព្ទ Pixel និងប្រព័ន្ធប្រតិបត្តិការណ៍ Android។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតក្រុមហ៊ុន Google នៅមិនទាន់ធ្វើអត្ថាធិប្បាយបញ្ជាក់នៅឡើយនោះទេ។ ប៉ុន្តែជាទម្លាប់ Google តែងតែប្រកាសបង្ហាញទូរស័ព្ទ និងនាឡិកា Pixel ថ្មីៗរបស់ខ្លួននៅរដូវស្លឹកឈើជ្រុះ ពោលគឺក្នុងអំឡុងខែកញ្ញា។ តាមការរំពឹងទុកពីអ្នកវិភាគក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ Google អាចនឹងបង្ហាញផលិតផលថ្មីរបស់ខ្លួនរួមមានទូរស័ព្ទ Pixel 9, Pixel 9 Pro, Pixel 9 Pro XL, Pixel 9 Pro Fold និង Pixel Watch 3 ជាដើម។ ព្រឹត្តិការណ៍នេះក៏អាចបង្ហាញពីការរីកចម្រើនបន្ថែមទៀតនៅក្នុងសមត្ថភាព AI របស់ Google និងរបៀបដែលពួកវានឹងត្រូវបានបញ្ចូលទៅក្នុងឧបករណ៍ Pixel ថ្មី និងកម្មវិធី Android ផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាល Mountain View របស់ Google ដែលនឹងចាប់ផ្តើមនៅម៉ោង ១២រំលងអាធ្រាតតទៅ ម៉ោងនៅក្នុងប្រទេសកម្ពុជា អមដោយ «បទពិសោធន៍ផលិតផលដោយដៃ» នេះបើយោងតាមលិខិតអញ្ជើញរបស់ Google៕ ផ្តល់សិទ្ធិដោយ៖ Fresh News