រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ គ្មានអ្វីអាចមកជំនួសអាស៊ានទេ ខណៈប្រទេសអាស៊ានមួយចំនួន ចង់ចូលរួមជាមួយ BRICS
(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយថា គ្មានអ្វីអាចមកជំនួសអាស៊ានបានឡើយ បើទោះជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមប្រទេស BRICS ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Straitstimes។
លោក Balakrishnan ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ក្នុងប្រទេសថៃ កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា។ លោកប្រមុខការទូត សិង្ហបុរីរូបនេះបន្ថែមទៀតថាមិនមានអ្វីអាចមកជំនួសអាស៊ានក្នុងនាមជាអង្គការរួបរួមមួយ ផលិតផល ការវិនិយោគ ឬក៏ជាតំបន់ប្រក្រួតប្រជែងបាននោះឡើយ។ លោក Balakrishnan ក៏បានសង្កត់ធ្ងន់ផងដែរថាអាស៊ានមានប្រជាជនសរុបជាង ៦៨០លាននាក់ ជាមួយផលិតផលក្នុងស្រុកសរុប GDP រួមបញ្ចូលគ្នាជិត ៣.៥ទ្រីលានដុល្លារ ហើយអាចនឹងបន្តកើនឡើងទ្វេដង ឬ៤ដង ក្នុងពេលពី២ ទៅ៣ ទសវត្សរ៍ខាងមុខ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកប្រមុខការទូតសិង្ហបុរី ធ្វើឡើង ក្រោយថៃ និងម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកក្រុមប្រទេស BRICS ខណៈ មីយ៉ាន់ម៉ា និងឡាវ ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមផងដែរ។ BRICS គឺជាប្លុកក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមានសមាជិកដូចជា ប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕ ផ្តល់សិទ្ធិដោយ Fresh News
![](https://thekhmerpress.com/wp-content/uploads/2024/06/photo-output-33-1024x574.jpeg)