ព័ត៌មានជាតិ June 27, 2024

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្មេងទំនើង២នាក់ ក្រោយកាប់ម៉ូតូរបស់ជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យ

Liny Chan

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ក្រុមក្មេងទំនើង២នាក់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ក្រោយកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅខណ្ឌពោធិ៍សែនជ័យ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន២នាក់ ដែលបានធ្វើសកម្មភាពបើពូថៅផ្ទះដែកដងឈើមួយដើម កាប់បំផ្លាញម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-9081 របស់ជនរងគ្រោះម្នាក់បណ្ដាលឱ្យខូចខាត បែកក្បាលម៉ូតូ កុងទ័រ និងបែកបាក់ក្បាំងម៉ូតូចំហៀងខាងស្តាំ នៅចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។

រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះក៏បានឃើញក្រុមក្មេងទំនើងទាំងពីរនាក់ខាងលើ ក៏បានរាយការណ៍ជូនដល់សមត្ថកិច្ច និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ អុន វីរៈឆាយ អាយុ១៦ឆ្នាំ
*ទី២៖ ឈ្មោះ ផាត វីរៈ អាយុ១៦ឆ្នាំ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ខាងលើ ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចមុខសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News