ព័ត៌មានជាតិ June 28, 2024

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីជំនាញបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងសាងសង់រួចទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់

Naren

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីនៃនាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទគ្រប់រាជធានី-ខេត្ត ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់។

ការណែនាំនេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន២៣៣នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលនៃដំណើការនៃអង្គសិក្ខាសាលាសិក្ខាសាលាដោយលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទរួចមក លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលទទួលជោគជ័យបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លងនេះ និងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ជាពិសេសនាយកដ្ឋានផ្លូវលំជនបទដែលបានរៀបចំសិក្ខាបណ្តុះបណ្តាលនេះឡើង។

លោករដ្ឋមន្ដ្រីបានបន្តថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាដំណើរការនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ឬហៅថា On-the-job Training ដើម្បីពង្រឹងការថែទាំ ឬបង្កើនលទ្ធភាពថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានស្រាប់ ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីសម្រេចនូវចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាការចូលរួមចំណែកអនុវត្តតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់ថា ពង្រឹង៧០% និងពង្រីក៣០%។

លោករដ្ឋមន្ដ្រីបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
* ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ និងមន្ត្រីបង្គោលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន
* ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់
* ត្រូវបន្តធ្វើបច្ចុប្បន្នភាពប្រភេទកម្រាលផ្លូវឱ្យបានទៀងទាត់ ពោលគឺប្រភេទកម្រាលផ្លូវអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ ពីផ្លូវដីសទៅជាក្រួសក្រហម, ពីផ្លូវក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង តាមរយៈគម្រោងថវិកាជាតិ និងគម្រោងថវិកាដៃគូអភិវឌ្ឍន៍
* រាល់ការលើកផែនការថែទាំផ្លូវជនបទ ត្រូវពឹងផ្អែកលើផែនការមេផ្លូវជនបទ (Rural Road Master Plan) និងត្រូវបន្តពិនិត្យបញ្ជាក់បន្ថែមជាមួយប្រព័ន្ធ RRAMS ក្នុងការសម្រេចកំណត់យកខ្សែ ផ្លូវអាទិភាពសម្រាប់ការងារថែទាំ និងជួសជុល
* ត្រូវបង្កើនកិច្ចសហការជាមួយនាយកដ្ឋានផ្លូវលំជនបទ ក្នុងការលើកផែនការថែទាំផ្លូវ និងតម្រូវការជំនួយបច្ចេកទេសនានា។

លោករដ្ឋមន្ដ្រីបានសំណូមពរដល់សិក្ខាកាមទាំងអស់យកស្មារតីនៃសិក្ខាសាលានេះទុកជាមូលដ្ឋាន និងបទពិសោធន៍ ដើម្បីជាទុនក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនោះក្រុមការងារ RRAMS, នាយកដ្ឋានផ្លូវលំជនបទ និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ត្រូវបន្តសហការគ្នាយ៉ាងស្អិតល្មួតក្នុងការធ្វើបច្ចុប្បន្នភាពប្រភេទកម្រាល និងខ្សែផ្លូវ ដែលជាសមិទ្ធផលថ្មីៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕ ផ្តល់សិទ្ធិដោយ៖ Fresh News