ព័ត៌មានជាតិ June 28, 2024

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួច

Naren

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានស្នើទៅរាជរដ្ឋាភិបាលថា នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ​បានរៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។

ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា​ ខាងមុខ នៅពេលបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ សូមអំពាវនាវឲ្យគ្រប់វត្តអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងបាញ់កាំជ្រួយ ហើយយប់ថ្ងៃទី០៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួយបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ដ សម្រេចការអនុវត្ដ នូវគម្រោងនេះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងនេះ នឹងបង្កើតឱកាសរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំ សម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជា អាចមានផ្លូវដឹកជញ្ជូន ទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ ប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ព្រែកជីកនេះ នឹងក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំរបស់កម្ពុជា ដែលរួមចំណែកទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ ហើយរួមចំណែកឲ្យក្លាយ ជាតំបន់បៃតងនៅទិសនារតី គ្រប់រដូវកាល។

ក្នុងស្មារតីសាមគ្គីភាពជាតិនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី ដែលបានគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀត របស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាព របស់ប្រជាជននាពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅទិសនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។

ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យកម្ពុជាពង្រឹងនូវឯករាជ្យភាព ខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News