ព័ត៌មានជាតិ June 28, 2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដគាំទ្រដល់វិស័យឯកជន និងសូមផ្ដាំវិស័យឯកជនកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូត ព្រោះការអនុគ្រោះពីរដ្ឋរហូត នឹងមិនផ្ដល់ការរីកចម្រើននោះឡើយ!

Naren

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចនៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ដើម្បីបន្ដភាពរីកច​ម្រើន ប៉ុន្ដែសូមផ្ដាំទៅវិស័យឯកជន សូមកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ ព្រោះបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកម្មវិធី ជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើន ពិសេសក្នុងអំឡុងពេលកំពុងតែជួបការលំបាកនេះ ប៉ុន្ដែខ្ញុំសូមឲ្យវិស័យឯកជន កុំឲ្យមានផ្នត់គំនិតថា ត្រូវតែរដ្ឋផ្ដល់ការអនុគ្រោះរហូត ប្រសិនបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ»

សម្ដេចធិបតីបានបន្ដថា កម្ពុជានឹងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ២០៥០ ដូច្នេះមុននឹងក្លាយជាប្រទេសអ្នកមាន យើងត្រូវតែធ្វើដំណើរចាកចេញពី ប្រទេសក្រីក្រក្នុងឆ្នាំ២០២៩ នៅពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិច គេនឹងដកគោលការណ៍អនុគ្រោះមួយចំនួន នាំចេញទំនិញទៅប្រទេសមួយចំនួន នឹងលែងទទួលបានការអនុគ្រោះ, ប្រទេសមួយចំនួននឹងឈប់ផ្ដល់កម្ចីដល់កម្ពុជា ដូច្នេះដើម្បីក្លាយខ្លួនជាប្រទេសអ្នកមានត្រូវតែរឹងមាំ មិនអាចផ្ដេចផ្ដួលលើការអនុគ្រោះ ពីបណ្ដាប្រទេសមួយចំនួនរហូតឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះជាកិច្ចការសំខាន់ហើយខ្ញុំគិតថា វិស័យឯកជនត្រូវតែខិតខំប្រឹងប្រែង រដ្ឋាភិបាលនឹងជួយផ្ដល់ឲ្យ ប៉ុន្ដែខ្ញុំសូមអំពាវនាវឲ្យវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយជាតួអង្គកាន់តែច្រើន រីកកាន់តែធំមានលំនឹង សូម្បីតែសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃក្រោយក៏មានការពង្រឹងខ្លួនច្បាស់លាស់ ទើបធ្វើឲ្យវិស័យឯកជនរឹងមាំ សេដ្ឋកិច្ចរឹងមាំ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News