ព័ត៌មានជាតិ June 28, 2024

អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការជំរុញពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

Naren

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលប្រព្រឹត្តទៅនៅស្ថានទូតបារាំង និងមានការអញ្ជើញចូលរួម ពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួន ៣០នាក់ដែរ។

គោលបំណងសំខាន់ នៃសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្សព្វផ្សាយអំពីវេទិកាធុរកិច្ចបារាំង-កម្ពុជាដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងនៅកម្ពុជា។

ក្នុងឱកាសនៃសន្និសីទសារព័ត៌មាននេះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនអំពីទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរប្រសើរ វាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលតែងតែ សហការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលថ្មីៗកន្លងទៅនេះកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយសហព័ន្ធនិយោជកបារាំង និង សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា រៀបចំដោយជោគជ័យនូវ វេទិកាធុរកិច្ចបារាំងកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការក្នុងការជំរុញ ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺថែរក្សាវិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតលើគ្រប់វិស័យ។

វេទិកាធុរកិច្ចបារាំង-កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងមានការអញ្ជើញចូលរួម ពីមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីបារាំង រួមនិងធុរជនរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមានសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលមានបំណងចង់ស្វែងយល់ ឲ្យស៊ីជម្រៅអំពីទីផ្សារកម្ពុជា។

វេទិកាធុរកិច្ចនេះ ផ្តោតលើវិស័យសំខាន់ៗរួមមាន៖ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល សុខាភិបាល ថាមពល ការរៀបចំទីក្រុង ទេសចរណ៍ ភស្តុភារ និងដឹកជញ្ជូន កសិកម្ម និងកសិ-ម្ហូបអាហារ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន ដោយផ្តល់ឱកាសពិសេស ដល់ក្រុមហ៊ុន ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៅកម្ពុជា និង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា។ វេទិកានេះ ក៏នឹងជួយបង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ អ្នកសម្រេចចិត្តផ្នែកនយោបាយ និងអ្នកជំនាញ ក្នុងស្រុកផងដែរ។

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីមានភាពរឹងមាំ ដែលត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ច ជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ទៅកាន់ប្រទេសបារាំង ដោយក្នុងនោះដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ អនុស្សរណៈចំនួនប្រាំពីរ ត្រូវបានចុះហត្ថលេខាក្នុងវិស័យសំខាន់ៗដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យចែកចាយទំនិញ ដែលបង្ហាញពីសករាជថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។ កិច្ចព្រមព្រៀងទាំងនេះក៏ឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជនផងដែរ។

ទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាឈានដល់ ១៣៦៣ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្នបារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីរ របស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជាក្នុងឆ្នាំ ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់គឺ ៣១% បើធៀបនឹងឆ្នាំ ២០២២ ដែលភាគច្រើនរួមមានផលិតផលកសិកម្ម ឱសថ និងផលិតផលលោហធាតុ និងដែក។

ទន្ទឹមនឹងនេះ ការនាំចូលរបស់បារាំងពីកម្ពុជាឈានដល់ ១១៩២ លានអឺរ៉ូក្នុងឆ្នាំ ២០២៣ ដែលភាគច្រើន គឺលើវិស័យវាយនភណ្ឌ ផលិតផលកសិកម្ម-ម្ហូបអាហារ និងកង់។ ជាមួយនឹងភាគហ៊ុនឈានដល់ប្រមាណ ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជា បានកើនឡើងផងដែរ ជាពិសេសនៅក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវាកម្ម។

ក្រៅពីក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមធំ វត្តមាននៃបណ្តាញដ៏សកម្មនៃអាជីវកម្មបរទេសរបស់បារាំង (ជាង៤០០ក្រុមហ៊ុន) បង្ហាញឲ្យឃើញពីការវិនិយោគ និងវត្តមានរបស់បារាំងនៅកម្ពុជា។ តួលេខទាំងនេះ បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងអំឡុងពេលនៃវេទិកាធុរកិច្ចនេះ ប្រធានបទសំខាន់ៗ ដែលត្រូវយកមកជជែកពិភាក្សា រួមមាន៖ អាទិភាព និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសំខាន់ៗដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ កសិ-ម្ហូបអាហារ និងកសិកម្ម សុខាភិបាល និងថាមពល។ កិច្ចភាក្សានីមួយៗ នឹងមានការអញ្ជើញចូលរួម និងដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃក្រសួង។ ក្រៅពីនេះ នឹងមានជំនួបធុរកិច្ចនិងធុរកិច្ច រួមនិង ជំនួបធុរកិច្ចនិងរដ្ឋាភិបាល ដែលនឹងជួយតភ្ជាប់ទំនាក់ទំនង និង ផ្តល់ឱកាសបង្កើតភាពជាដៃគូរវាងក្រុមហ៊ុន និងអាជ្ញាធររដ្ឋាភិបាលផងដែរ។

កម្មវិធីនេះក៏នឹងរួមបញ្ចូលផងដែរ នូវបទបង្ហាញស្តីពីទស្សនវិស័យសេដ្ឋកិច្ច និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជនផងដែរ។ កិច្ចពិភាក្សាតុមូលនឹងពិភាក្សាអំពីកាលានុវត្តភាព ក្នុងវិស័យអាទិភាពដូចជា ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល ការចែកចាយទំនិញ សំណង់ សុខាភិបាល ថាមពល កសិកម្ម ភស្តុភារ និងការដឹកជញ្ជូននិងបរិស្ថាន។ ដោយឡែកការចែករំលែកបទពិសោធន៍ជាក់ស្តែង របស់ភាគីពាក់ព័ន្ធហ្វ្រង់កូហ្វូនី នឹងរឹតតែជំរុញឲ្យកិច្ចពិភាក្សាកាន់តែមានលក្ខណៈទូលំទូលាយ។

កម្មវិធីថ្ងៃទីបីនៃវេទិកានេះ នឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ និងជួបជាមួយតំណាងរដ្ឋាភិបាល។ វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ ២០២៤នេះ មានគោលបំណង ដើរតួជាកាតាលីករសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគីថ្មី ដែលផ្តល់ផលប្រយោជន៍ដល់ ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News