ព័ត៌មានជាតិ June 28, 2024

បើកការដ្ឋានសាងសង់ គម្រោងវិនិយោគផ្សារក្ដាម, អភិបាលខេត្ដកែប៖ គម្រោងនេះ នឹងកែប្រែមុខមាត់ថ្មី របស់ផ្សារក្ដាមឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ

Liny Chan

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងវិនិយោគផ្សារក្ដាម ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងវិនិយោគផ្សារក្ដាម, លោក សោម ពិសិដ្ឋ បានលើកឡើងថា គម្រោងវិនិយោគមួយនេះ នឹងកែប្រែមុខមាត់ថ្មី របស់ផ្សារក្ដាម ខេត្តកែប ឲ្យមានសោភ័ណភាពស្រស់ស្អាត សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថានល្អ។

លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា ការវិនិយោគនេះ ជាកត្តាជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកសម្រាកលំហែរកម្សាន្ត កាន់តែមានការកើនឡើង ជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកៀរគរដៃគូរអភិវឌ្ឍន៍ឲ្យមកវិនិយោគនៅតាមមូលដ្ឋាន រាជធានី-ខេត្តរៀងៗខ្លួន។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ បានណែនាំដល់អាជីវករ ក្នុងផ្សារក្ដាម កុំតម្លើងឡើងថ្លៃទំនិញ និងសេវារបស់ខ្លួន ដែលនាំឲ្យភ្ញៀវទេសចរ ឬអតិថិជនមានការរុញរាមិនចង់ទិញដូរទំនិញ និងសេវារបស់អាជីវករក្នុងខេត្តមួយនេះ នាំឲ្យខ្សត់ភ្ញៀវទេសចរ មកទស្សនាខេត្តកែប និងបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍នេះ។

លោក សោម ពិសិដ្ឋ ក៏បានទទូចឲ្យអាជីវករ រក្សាឲ្យបាននូវអនាម័យទំនិញ និងចូលរួមថែរក្សាសម្អាតបរិស្ថាន ក្នុងរមណីយដ្ឋានខេត្តកែប ក៏ដូចជាក្នុងខេត្តកែប ទាំងមូលផងដែរ។

សូមជម្រាបថា ផ្សារក្ដាម ខេត្តកែប ភ្ញៀវទេសចរភាគច្រើន ដែលទៅលេងកម្សាន្ត នៅឯឆ្នេរខ្សាច់ខេត្តកែប គឺតែងតែចូលទៅទិញម្ហូបអាហារ នៅផ្សារមួយកន្លែងឈ្មោះ «ផ្សារក្ដាម» នៅខេត្តកែប។ អ្នកទេសចរទាំងនោះ គឺសំដៅរកទិញអាហារសមុទ្រ ដូចជាក្ដាមសេះ បង្គា ឬ មឹក ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News