អ្នកនាំពាក្យក្រសួងកសិកម្ម៖ ថ្លៃដើមខ្ពស់ ការផ្គត់ផ្គង់គ្មានស្ថិរភាព ជាបញ្ហាប្រឈមនៃហានិភ័យទីផ្សារ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទីផ្សារមានមិនខ្វះនោះទេ សម្រាប់កសិផល តែបញ្ហាគឺនៅត្រង់ការចាប់យកទីផ្សារដែលមាននោះមិនបាន ដោយសារថ្លៃដើមកសិផលខ្ពស់ បរិមាណផ្គត់ផ្គង់មិនមានស្ថេរភាព ដែលនេះគឺជាបញ្ហាប្រឈមនៃហានិភ័យទីផ្សារ។

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈគណនីរបស់លោកបានសរសេរថា មានដឹងទេ ហេតុអ្វី «ស្ពៃក្រញាញ់» ធ្លាក់ថ្លៃតែនៅត្រាំកក់ ខេត្តតាកែវ? តស់! ជជែកពីបញ្ហា និងដំណោះស្រាយ និងហេតុអ្វីមិនអាចបិទការនាំចូល។ នៅក្រោមការបង្ហោះរបស់លោក មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកយកបញ្ហាផ្សេងៗមកជជែកគ្នា អំពីបញ្ហានៃការមិនមានលំនឹងទីផ្សារសម្រាប់បន្លែនៅក្នុងស្រុក។
មានគណនីមួយឈ្មោះ Kim Sambath បានលើកឡើងថា ការដែលនាំឱ្យបន្លែនៅក្នុងស្រុកមានការធ្លាក់ចុះនូវតម្លៃជាពិសេសស្ពៃក្រញាញ់ ក៏ដោយសារតែការដាំដុះមិនទាន់មានអតិថិជនគោលដៅច្បាស់លាល់នៅទ្បើង ហើយម៉្យាងការដាំបន្លែតាមបែបតគ្នា ឃើញគេដាំបានផលក៏នាំគ្នាដាំដូចគេដែរ ពេលនោះនាំឲ្យកំណើននៃការដាំបន្លែកើនទ្បើងតែតម្លៃធ្លាក់ចុះ។ អ្នកនាងបានបន្តថា ការចែកចាយនៅក្នុងស្រុកនៅមានកម្រិត អាចមកពីឈ្មួញកណ្តាលមានចំនួនតិចតួចនៅទ្បើយ ធ្វើឲ្យឈ្មួញកណ្តាលមានជម្រើសច្រើនក្នុងការកំណត់តម្លៃដោយខ្លួនឯង ឬប្រជាពលរដ្ឋយកបន្លែទៅផ្គត់ផ្គង់នៅកន្លែងតែមួយជាមួយគ្នា និងអាចត្រូវប្រកួតប្រជែងជាមួយស្ពៃក្រញាញ់នាំចូលថែមទៀត ធ្វើឲ្យតម្លៃកាន់តែថោក ដូច្នេះប្រសិនបើប្រជាពលរដ្ឋយើងអាចមានលទ្ធភាពផ្គត់ផ្គង់ស្ពៃក្រញាញ់នៅក្នុងស្រុកបានហើយ យើងគួកាត់បន្ថយការនាំចូលស្ពៃក្រញាញ់ពីប្រទេសជិតខាងខ្លះ ឬទាំងស្រុងលើបន្លែស្ពៃក្រញាញ់។
ជាមួយគ្នានេះ ក៏មានបងប្អូនផ្សេងទៀតបានចូលទៅសម្ដែងមតិថា ស្ពៃក្រញាញ់ធ្លាក់ចុះតែនៅស្រុកត្រាំកក់ ខេត្តតាកែវតែប៉ុណ្ណោះ ដោយសារតែបងប្អូនប្រជាកសិករដាំដំណាំ ស្ពៃក្រញាញ់នេះតែមួយមុខដូចៗគ្នា ហើយដាំមួយថ្ងៃចន្លោះពី១៥ ទៅ២០តោន ដែលនេះជាមូលហេតុនាំឲ្យមានបញ្ហាដល់កសិកផលមានតម្លៃទាប ម្យ៉ាងទៀតមូលហេតុដែលយើងមិនបិទការនាំចូល ព្រោះវាក៏អាចមានផលប៉ះពាល់ចំពោះកសិផលខ្មែរនាំចេញនិងមិនអាចរកទីផ្សារបាន។
បន្ថែមពីនោះ គណនីឈ្មោះ Kaing Sophanna បានចូលរួមមតិផងដែរថា បើសិនជាអាចក្រសួងសូមជួយគាំទ្រដល់ការិ.កសិកម្មស្រុក-ក្រុង ដូចជាការស្រង់ស្ថិតិកសិកម្មតាមគ្រួសារ និងការគ្រប់គ្រងទិន្នកសិកម្មថ្នាក់ក្រោមជាតិតាមឌីជីថល, ការចងក្រងក្រុមផលិត និងការបណ្តុះផ្នត់គំនិតកសិករអោយក្លាយទៅជាអ្នកផលិតតាមភូមិ, ការចង់ក្រងបណ្តុំអាជីវកម្មតាមប្រភេទនិមួយៗកម្រិតឃុំ, ការរៀបចំយន្តការ(កសិកម្មខេត្ត និងកសិកម្មស្រុក)សម្រាប់គាំទ្រដល់មន្រ្តីកសិកម្មឃុំ និងការសម្របសម្រួលសុំទិន្នន័យដែលបានចុះបញ្ជីជាប្រព័ន្ធរួចពីក្រសួង មន្ទីរ សនស សម្រាប់ថ្នាក់ក្រោមជាតិប្រើប្រាស់។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា ទីផ្សារមានមិនខ្វះនោះទេ តែបញ្ហាគឺយើងចាប់យកទីផ្សារដែលមាននោះមិនបាន ដោយសារថ្លៃដើមយើងខ្ពស់ បរិមាណផ្គត់ផ្គង់យើងមិនមានស្ថេរភាព ហើយបញ្ហាប្រឈមនៃហានិភ័យទីផ្សារគឺជាមូលហេតុចំបង ដែលធ្វើឱ្យមួយរយៈចុងក្រោយនេះ អ្នកដាំបន្លែនៅត្រាំកក់បានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






