ព័ត៌មានជាតិ June 30, 2024

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បើកដំណើរការអគារវប្បធម៌ «គង» នៅបរិវេណសាលាអង្គការតុកកែញញឹមកម្ពុជា

Nisaiy KP

(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកដំណើរការអគារវប្បធម៌ «គង» នារសៀលថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណសាលាអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អង្គការតុកកែញញឹមកម្ពុជា ត្រូវបានបង្កើតឡើង និងបំពេញបេសកកម្មរបស់ខ្លួនអស់រយៈពេល ១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤ ដោយបានជ្រើសរើសតំបន់ដាច់ស្រយាលមួយនេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បុព្វហេតុដែលបង្កើតអង្គការនេះឡើង សម្តៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយមកដល់ពេលបច្ចុប្បន្ននេះ បង្កើតឲ្យមានសាលារៀនគំរូដល់កុមារជិត ៥០០នាក់ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអនុស្សារណៈយោគយល់ រវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការតុកកែញញឹមកម្ពុជា ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានបង្កើតការងារជិត ៤០០កន្លែងសម្រាប់ប្រជាពលរដ្ឋ និងយុវជនមូលដ្ឋាន និងផ្ដល់ផលជាវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់សហគមន៍ទាំងមូលជាច្រើនពាន់នាក់។

លោក ងន់ សុខលាភ នាយកប្រតិបត្តិ បានឲ្យដឹងថា ដោយមើលឃើញអំពីការលូតលាស់ខាងសមត្ថភាព និងទេព្យកោសល្យរបស់កុមារ និងយុវជនកម្ពុជា សាលាគំរូអង្គការតុកកែញញឹមកម្ពុជា ក៏មើលឃើញពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។ ដោយទទួលស្គាល់ថាវាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អត្តសញ្ញាណជាតិ អង្គការតុកកែញញឹមកម្ពុជា បានខិតខំប្រឹងប្រែងកៀងគររកជំនួយទាំងក្នុង និងក្រៅប្រទេសដើម្បីស្ថាបនាអគារវប្បធម៌ «គង» នេះឡើង ជាមជ្ឈមណ្ឌលវប្បធម៌ និងបំពាក់នូវឧបករណ៍ និងមុខងារទំនើបៗជាច្រើនសម្រាប់បម្រើដល់វិស័យសិក្សាធិកាវប្បធម៌ និងសិល្បៈរបស់ខ្មែរយើង។ ក្នុងនោះអាគារវប្បធ៌គង នឹងបម្រើនូវមុខងារជាច្រើន ដូចជាកន្លែងថតសម្លេង កន្លែងសម្ដែងសិល្បៈ និងការជួបជុំ ផ្សេងៗសម្រាប់សិស្សានុសិស្ស យុវជន សិល្បៈករសិល្បៈការិនីក្នុងនិងក្រៅប្រទេស សម្រាប់លើកតម្កើង និងផ្លាស់ប្ដូរវប្បធម៌ ព្រមទាំងការផ្លាស់ប្តូរការចែករំលែកចំណេះដឹងផងដែរ។

លោកបញ្ជាក់ថា «អគារវប្បធម៌ “គង” បានផ្សារភ្ជាប់នឹងផ្នែកស្ថាបត្យកម្ម ដែលតំណាងឲ្យលក្ខណៈពិសេសនៃទេព្យកោសល្យ និងស្នាដៃរច្របាច់រួមគ្នារបស់ស្ថាបត្យករជាជនខ្មែរ និងជនជាតិស្វីស ដោយបានទទួលស្គាល់និងគិតគុរតាមលំនាំតាមស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនាសម័យអង្គរដ៏រុងរឿងរបស់យើង។ ស្ថាបត្យកម្មរួមទាំងប្លង់រចនាបទនៃការសាងសង់អគារ “គង” របស់យើង ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់អំពី សណ្ឋានដី ទិសខ្យល់ ពន្លឺ និងប្រព័ន្ធរំដោះទឹកភ្លៀង ដែលចុងក្រោយត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្នុងបរិវេណអង្គការតុកកែញញឹមកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា អគារវប្បធម៌ “គង” នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងបម្រើជាពហុបំណងក្នុងការចូលរួមចំណែកលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរយើង ឲ្យកាន់តែមានការរីកចម្រើន ក៏ដូចជាចូលរួមចំណែកក្នុងការការលើកទឹកចិត្ត ការឆ្នៃប្រឌិតការផ្សារភ្ជាប់ទំនាក់ទំនង និងការស្វែងយល់ផ្នែកវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយរបស់យើង»។

មុននឹងសម្រេចបាននូវសមិទ្ធផលដ៏ស្កឹមស្កៃមួយនេះ អង្គការតុកកែញញឹមកម្ពុជា បានខិតខំប្រឹងប្រែងរួមគ្នា និងជម្នះការលំបាកឧបសគ្គគ្រប់បែបយ៉ាង ជាមួយសេចក្តីរីករាយនិងការតាំងចិត្តយ៉ាងមុតមាំ ប្រកបទៅដោយមោទនភាព ក្តីសង្ឃឹម និងជំនឿជាក់ខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកតម្កើងទេព្យកោលសល្យ សិល្បៈ វប្បធម៌តាមរយៈការអប់រំបណ្តុះបណ្តាល សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយរបស់យើង ឲ្យកាន់តែមានអនាគតល្អប្រសើរ ដើម្បីជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសកម្ពុជាយើង។

លោក ងន់ សុខលាភ បានបន្តថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការចូលរួមគ្រប់មជ្ឈដ្ឋានក្នុងការរួមចំណែកសម្រេចឲ្យបាននូវអគារវប្បធម៌គងនេះឡើង ដែលជាស្នូលនៃសាលាគំរូអង្គការតុកកែញញឹមកម្ពុជា និងជាមជ្ឈមណ្ឌលវប្បធ៌សម្រាប់ខ្មែរយើង។ ជាពិសេស យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំខេត្តកំពង់ឆ្នាំង និង ការិយាល័យអប់រំស្រុក ចំពោះការគាំទ្រ លើកទឹកចិត្ត និងការជួយជ្រោមជ្រែង បង្កលក្ខណៈងាយស្រួលដើម្បីផ្តល់លទ្ធភាពឲ្យអង្គការតុកកែញញឹមកម្ពុជារបស់យើង ក៏ដូចជាសាលាគំរូអាចដំណើរការបានរហូតមកដល់ពេលនេះ និងទៅថ្ងៃអនាគត ក្នុងបេសកកម្មអភិវឌ្ឃមូលដ្ឋាន និងកសាងធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សីរបស់យើងទៅថ្ងៃ អនាគត»។

សូមជម្រាបថា កម្មវិធីនេះ ក៏មានការចូលរួមពីលោក Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ទអាឡឺម៉ង់ប្រចាំកម្ពុជា និងលោកស្រី Sabine HILKE MESSERER, លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews