Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ផ្ទុះឃ្លាំងស្តុកផាវ-កាំជ្រួច នៅភាគខាងត្បូងហ្វីលីពីនមនុស្ស ៥នាក់បានបាត់បង់ជីវិត និងបង្កឱ្យរបួសជិត ៤០នាក់ផ្សេងទៀត

BY Nisaiy KP June 30, 2024
ផ្ទុះឃ្លាំងស្តុកផាវ-កាំជ្រួច នៅភាគខាងត្បូងហ្វីលីពីនមនុស្ស ៥នាក់បានបាត់បង់ជីវិត និងបង្កឱ្យរបួសជិត ៤០នាក់ផ្សេងទៀត

(ម៉ានីល)៖ មនុស្ស ៥នាក់ បានបាត់បង់ជីវិត ក្នុងនោះមានទាំងកុមារអាយុ៤ឆ្នាំម្នាក់ ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅឃ្លាំងស្តុកផាវ និងកាំជ្រួច ក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីក្រុង Zamboanga។ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា កម្មករ៤នាក់នៃឃ្លាំងស្តុកនោះ ព្រមទាំងកូនប្រុសអាយុ៤ឆ្នាំម្នាក់ របស់បុគ្គលិកធ្វើការនៅទីនោះ បានស្លាប់ ដោយសារការផ្ទុះ។ ក្រៅតែពី​អ្នកបាត់បង់ជីវិត មានមនុស្ស៣៨នាក់ផ្សេងទៀត ដែលបានទទួលរងរបួស ក្នុងឧប្បត្តិហេតុនេះ ហើយក្នុងចំណោមនោះ ៨នាក់ស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អាជ្ញាធរកំពុងបើកការស៉ើបអង្កេត លើមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះដ៏សាហាវនោះ ដែលបានបង្កើតជារណ្តៅធំមួយទំហំ២០ម៉ែត្រ ហើយធ្វើឱ្យជញ្ជាំងឃ្លាំងរលំខ្ទេចខ្ទី ព្រមទាំងខ្ទាតកម្ទេចកម្ទី ទៅកាន់អគារនិងលំនៅដ្ឋាន ដែលនៅក្បែរៗនោះថែមទៀត។ យ៉ាងណាក្តី មូលហេតុគឺទំនងជាមកពី ផាវនិងកាំជ្រួចជាច្រើន ដែលស្តុកទុកនៅក្នុងឃ្លាំង។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានចំណាយពេល​ជាង២ម៉ោង ទម្រាំតែអាចគ្រប់គ្រងគ្រោះអគ្គិភ័យបាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: