ព័ត៌មានអន្តរជាតិ July 3, 2024

Apple ចាប់យក Samsung ជាដៃគូផ្គត់ផ្គង់សិនស័រកាមេរ៉ា iPhone 16

Naren

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរាយការណ៍មកថា បានបោះបង់ក្រុមហ៊ុន Sony ងាកមកចាប់ដៃជាមួយ Samsung ជំនួសវិញ ដើម្បីធ្វើជាដៃគូផ្គត់ផ្គង់សិនស័រកាមេរ៉ានៅលើ iPhone 16 របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសេចក្តីរាយការណ៌ថ្មីរបស់ The Elec បានសសេរថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung System LSI សម្រាប់កាមេរ៉ាគោលរបស់ iPhone 16 ជាជាងសិនស័រ Sony ដែលមានបញ្ហាលើពីរចំណុចសំខាន់។ ចំណុចទី១ ថ្មីៗនេះ ក្រុមហ៊ុនផលិត iPhone នេះបានរកឃើញថា សិនស័រដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនជប៉ុនមួយនេះ មានបញ្ហាទៅលើការចាប់សញ្ញាច្បាស់លាស់ និងចំណុចទី២ ក្រុមហ៊ុន Sony មិនអាចផ្គត់ផ្គង់សិនស័រសម្រាប់ក្រុមហ៊ុន Apple បានទាន់ពេលវេលា ដោយសារតែក្រុមហ៊ុនអាមេរិមួយនេះ មានការកំណត់ច្បាស់លាស់ទៅលើការផលិតស្មាតហ្វូនរបស់ខ្លួន។ បន្ថែមពីនេះ ទាក់ទងជាមួយនិងការសម្រេចចិត្តប្រើប្រាស់សិនស័រថ្មីនៅលើ iPhone 16 នេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមនិយាយជាមួយ Samsung តាំងពីឆ្នាំមុនមកម្លេះ។

ក្រៅពីការប្តូរក្រុមហ៊ុនផ្គត់ផ្គង់សិនស័រ ក៏មានសេចក្តីរាយការណ៍មួយទៀតបង្ហាញថា iPhone 16 ទាំង​បួន​ម៉ូដែល​នឹង​មាន​បន្ទះ​ឈីប A18 ខណៈកាលពីឆ្នាំមុន Apple បានបញ្ចេញ iPhone 15 និង iPhone 15 Plus ជាមួយនឹងបន្ទះឈីប A16 Bionic ហើយ iPhone 15 Pro និង iPhone 15 Pro Max ជាមួយនឹង A17 Pro ។ អាចនិយាយបានថា iPhone 16 មានការផ្លាស់ប្តូរចំណុចពិសេសជាច្រើន និងជាជម្រើសល្អមួយសម្រាប់អ្នកប្រើប្រាស់ ដោយសារតែមានការបង្កើនថាមពលនានា តាមរយៈបន្ទះឈីប A18៕ ផ្តល់សិទ្ធិដោយ៖ Fresh News