ព័ត៌មានជាតិ July 4, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីលើកកម្ពស់ជីវភាពគ្រូ មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយរបស់គ្រូបង្រៀន

Liny Chan

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពរបស់នៅរបស់គ្រូបង្រៀន មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយតាមរយៈការផ្តល់នូវបេឡាសន្តិសុខសង្គម សម្រាប់ព្យាបាលជំងឺ និងពិនិត្យសុខភាព។

 ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការគិតគូរបង្កើនគុណវុឌ្ឍិគ្រូ និងការបង្កើនវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានដាក់ចេញច្បាស់លាស់ ​ទើបរដ្ឋចាយថវិកាត្រូវគោលដៅអត់ខ្ជីខ្ជា សម្រាប់ពង្រីងវិស័យអប់រំនៅកម្ពុជា។ ហើយតម្រូវការគឺមិនអាចធ្វើគ្រប់នោះទេ មានន័យថាតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងតាមការវិវត្តន៍របស់សង្គមជាតិជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកំណត់កិច្ចការអ្វីមួយត្រូវតែមានទិសដៅច្បាស់លាស់ ហើយការដាកសូចនាចលចំនួន៤របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូបង្រៀន រយៈពេល១០ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អជាទីមោទនៈ។ ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលដំឡើងពីមណ្ឌលគរុកោសល្យរាជធានី មកជាវិទ្យាស្ថានបណ្តុះបណ្តាល គឺដើម្បីបង្កើនកម្រិតគុណវុឌ្ឍិរបស់គ្រូបង្រៀនជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការគិតគូរពីជីវភាពរស់នៅរបស់គ្រូប្រៀន ជាពិសេសបៀវត្សរ៍ ប៉ុន្តែ ដោះស្រាយបៀវត្សរ៍មិនមែន ជាគោលទេតែមួយប៉ុណ្ណោះ ការបន្ធូរចំណាយតាមរយៈការផ្តល់នូវបបេឡាសន្តិសុខសង្គម សម្រាប់សុខភាព ការជួយលោកអ្នគ្រូមានផ្ទៃពោះ ក៏យើងគិតគូរទៅលើកិច្ចការងារនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការគិតគូរពីប្រាក់តំបន់ និងការគិតគូរផ្សេងៗទៀត បន្ថែមទៅលើប្រាក់បៀវត្សរ៍សម្រាប់លោកគ្រូ អ្នកគ្រូ គឺជារឿងសំខាន់។ សម្តេចបានចាត់ទុកអាជីពជាគ្រូពេទ្យ និងគ្រូបង្រៀន គឺជាការលះបង់ខ្ពស់ប្រកបដោយឆន្ទៈ មនសិការ ដើម្បីរួមចំណែកជួយដល់ជីវិតមនុស្ស និងការអភិវឌ្ឍធនធានមនុស្ស ហើយអ្នកចាប់យកអាជីពគ្រូបង្រៀន គឺមានការប្តេជ្ញាចិត្តខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News