ព័ត៌មានជាតិ July 4, 2024

ទិដ្ឋភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១-៤ ខែកក្កដា ឆ្នាំ២០២៤, ជាមធ្យមមានអ្នកដំណើរ ២០០០នាក់ក្នុង ១ថ្ងៃ

Liny Chan

(សៀមរាប)៖ តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាប នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន (រដូវ High Season)។

បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកក្កដានេះថា សម្រាប់កាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមក្នុងរដូវកាល High Season កន្លងមក មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមមានប្រមាណជាង២៥០០ ទៅ ២៦០០ នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមមានប្រមាណជាង៤០ជើង/ថ្ងៃ (ទ្វេទិស)។ រីឯរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមប្រមាណជាង ២០០០ ទៅ២២០០ នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង៣០ជើង/ថ្ងៃ (ទ្វេទិស) ។

លោកបន្តថា ភាគច្រើននៃការហោះហើរពីប្រទេសអាស៊ាន និងពីប្រទេសចិន ក្នុងនោះមានភ្ញៀវចម្រុះជាតិសាសន៍ អាស៊ាន៧៥% និងអឺរ៉ុប ២៥%។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៩ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន២។

បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត ៨%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News