Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក វ៉ាត់ ចំរើន នាំយកថវិកា ៥,៥០០ដុល្លារ ពីការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    BY Liny Chan July 5, 2024
    លោក វ៉ាត់ ចំរើន នាំយកថវិកា ៥,៥០០ដុល្លារ ពីការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បាននាំថវិកាចំនួន ៥,៥០០ដុល្លារ ដែលទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ កាលពីថ្មីៗកន្លងទៅ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

    លោក វ៉ាត់ ចំរើន បញ្ជាក់ថា រៀងរាល់ឆ្នាំ NOCC តែងរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំង និងផ្សារភ្ជាប់នូវកម្មវិធីកីឡានេះ ដើម្បីប្រមែប្រមូលថវិកាសម្រាប់ជួយដល់ការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈព្រឹត្តិការណ៍ធំៗចំនួន៣ រួមមានទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ, ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ និងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ដែល NOCC បានផ្ដល់ជូនមន្ទីរពេទ្យពិតប្រាកដ ក្រោយបញ្ចប់ព្រឹត្តិការណ៍នីមួយៗ។

    ទន្ទឹមជាមួយការនាំយកថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ ដែលបានរៀបចំកាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ នៅមុខព្រះបរមរាជវាំង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះដែរ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកហ្វឹកហាត់ និងលេងកីឡាទាំងអស់ ដែលមានចិត្តសប្បុរសធម៌ ចង់ជួយដល់ការងារសង្គម បន្ដចូលរួមជាមួយតម្រូវការជាអាទិភាពក្នុងសង្គមនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាទាំងអស់គ្នា។

    អគ្គលេខាធិការ NOCC ដដែលបន្ដថា «សូមអំពាវនាវអ្នកចូលរួមព្រឹត្តិការណ៍រត់ប្រណាំងរបស់យើងរៀងរាល់ឆ្នាំ និងអ្នកលេងកីឡាទាំងអស់ សូមបន្ដស្មារតីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលយើងតែងតែទទួលអនុសាសន៍ក្នុងការជំរុញ និងចូលរួមទាំងអស់គ្នា»

    លោក វ៉ាត់ ចំរើន បានបន្ថែមថា ដើម្បីរួមចំណែកក្នុងការងារសង្គមនេះនៅឆ្នាំក្រោយ NOCC មានផែនការរៀបចំទិវាកីឡាអូឡាំពិកកុមារ ឬ Baby Olympic Games មួយទៀត ដែលផ្ដល់ឱកាសឱ្យមាតាបិតា និងអាណាព្យាបាលបាននាំកូនៗអាយុពី ៣-៥ឆ្នាំ ចូលរួមសកម្មភាពកីឡាកម្សាន្ដសម្រាប់កុមារផង និងកៀគរថវិកាតាមលទ្ធភាពរបស់មាតាបិតា ឬអាណាព្យាបាល សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផង ក្នុងការរួមចំណែកជួយដល់កុមារ ដែលមានតម្រូវការជួយសង្គ្រោះចាំបាច់នៅទីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: