លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កោតសរសើរអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដែលបង្កើតកម្មវិធី «Cambodia Queen of the Catwalk» និងការនាំយកស្នាដៃទៅបង្ហាញលើឆាកអន្តរជាតិ
(ភ្នំពេញ)៖ នៅក្នុងឱកាសបើកការប្រកួត «Cambodia Queen of the Catwalk» នៅរាត្រីថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះស្ថាបនិកកម្មវិធីលោក ម៉ែន សីហា (អូលីវ៉ា គង់) ដែលបានផ្ដួចផ្ដើមបង្កើតឱ្យមានការប្រកួតនេះនៅប្រទេសកម្ពុជា ដែលជាការចូលរួមលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសដល់យុវតីជំនាន់ក្រោយ ក្នុងការឈោងចាប់ក្ដីស្រមៃក្លាយជាអ្នកបង្ហាញម៉ូដអាជីព។

លោកជំទាវអ្នកឧកញ៉ាបានបង្ហាញនូវមោទនភាពចំពោះអ្នកជំនាញច្នៃម៉ូដ និងជាគ្រូបង្ហាត់ Catwalk លោក អូលីវ៉ា គង់ ដែលកន្លងមកធ្លាប់បាននាំយកស្នាដៃរបស់ខ្លួន ក្នុងនាមជាជនជាតិខ្មែរទៅបង្ហាញលើឆាកអន្តរជាតិជាច្រើនរួចមកហើយ។ ជាក់ស្ដែងថ្មីៗនេះស្នាដៃរបស់លោកក៏បានលេចធ្លោរខ្លាំងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន នាប្រទេសបារាំងផងដែរ។ លោកជំទាវអ្នកឧកញ៉ាសូមលើកទឹកចិត្តក្នុងការបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀត ដើម្បីរុញច្រានផលិតផលសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានបានលើកឡើងនូវអនុសាសន៍៣ចំណុចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារប្រកបដោយអត្ថន័យថា៖
ទី១. ក្នុងនាមជាជនជាតិខ្មែរម្នាក់ ហើយលើសពីនេះទៅទៀត ក្នុងនាមជាសិល្បករម្នាក់ យើងមានការតព្វកិច្ចថែរក្សាអត្តសញ្ញាណរបស់យើង ចងក្រងនូវអ្វីដែលយើងមាន ដែលយើងហៅថា «អភិរក្ស»។
ទី២. ក្នុងពេលជាមួយគ្នា ត្រូវគិតដល់ការអភិវឌ្ឍ ការបង្កើតថ្មីនានា ដែលសម្របតាមសម័យកាលកំពុងរស់នៅ។
ទី៣. យើងក៏ត្រូវគិតអំពីការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយក៏ត្រូវគិតពីការប្រើប្រាស់ ពោលគឺតម្រូវការទីផ្សារនេះដែរ ដើម្បីធានាបាននូវចីរភាពនៃផលិតផលសិល្បៈរបស់យើង។
ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យបង្ហាញម៉ូដ និងច្នៃម៉ូដ បន្តខិតខំអនុវត្តដោយគោរពឱ្យបានទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាបានថា ផលិតផលពីវិស័យសិល្បៈវប្បធម៌របស់យើងកាន់តែមានភាពរីកមច្រើន និងរក្សាបាននូវអត្តសញ្ញាណនៃវប្បធម៌ជាតិ៕



















