Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ៖ ការដាំដើមឈើ មានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ និងមានអត្ថប្រយោជន៍សម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ

    BY Liny Chan July 9, 2024
    ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ៖ ការដាំដើមឈើ មានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ និងមានអត្ថប្រយោជន៍សម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ

    (តាកែវ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។

    ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ បានស្ដែងឡើងក្នុងឱកាសយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

    ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានឧទ្ទិសឲ្យពិធី «រុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឲ្យបានគង់វង្សរហូតតទៅ។

    ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះរាជឱង្ការយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឲ្យពិធី រុក្ខទិវា នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើង ឲ្យបានគង់វង្សរហូតតទៅ។ ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ»។

    ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួម គឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

    ព្រះមហាក្សត្រខ្មែរ ទ្រង់បានសព្វព្រះរាជហ​ឫទ័យ ថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ-សត្វព្រៃ និងសូមអំពាវនាវឲ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

    ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវយើងនេះ ប្រកបដោយជោគជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: