តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការលើកទឹកចិត្ដលើផ្នែកពន្ធដារអ្វីខ្លះ ពីរាជរដ្ឋាភិបាល?
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញប្រកាសថ្មីមួយ ស្តីពីការណែនាំ ពីការអនុវត្តអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមរយៈប្រកាសនេះ តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការលើកទឹកចិត្ដអ្វីខ្លះ ពីរាជរដ្ឋាភិបាលលើផ្នែកពន្ធដារ?

តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះបានបង្ហាញថា សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដូចខាងក្រោម៖
១៖ ចំពោះការចុះបញ្ជីពន្ធដារ ដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី។
២៖ ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួលបានការលើកលែងដូចតទៅ៖
* ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាព កន្លងមកមុនការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត
* កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី
* ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ
* ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥
* ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឲ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់។
៣៖ ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ទទួលបានការលើកលែងដូចតទៅ៖
* ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក មុនការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត
* ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ
* ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥
* ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំ ទទួលបានការសម្រេចឲ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា រាល់ការលើកលែងពន្ធ និងកម្រៃសេវាសាធារណៈទាំងឡាយ នៅពេលចុះបញ្ជីពន្ធដារ និងក្រោយពេលទទួលបានការសម្រេចឲ្យចុះបញ្ជីពន្ធដារ ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋ។
ដើម្បីទទួលបានការលើកទឹកចិត្ដផ្នែកពន្ធដារនេះ តើសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើដូចម្ដេចខ្លះ? បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សហគ្រាសដែលទទួលបានការ លើកទឹកចិត្តផ្នែកពន្ធដារនេះ ត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖
១៖ សហគ្រាសធុនមីក្រូ ត្រូវជូនដំណឹងមករដ្ឋបាលសារពើពន្ធអំពី៖
* ផលរបរប្រចាំឆ្នាំ តាមទម្រង់កំណត់ដោយរដ្ឋបាលសារពើពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់
* ការផ្លាស់ប្តូរព័ត៌មានផ្សេងៗ ក្នុងអំឡុងពេល ១៥ថ្ងៃ ក្រោយពីការផ្លាស់ប្តូរអាសយដ្ឋាន នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរ ការបញ្ឈប់អាជីវកម្ម លេខទូរស័ព្ទ និងសារអេឡិចត្រូនិក។
២៖ សហគ្រាសធុនតូច និងមធ្យមត្រូវ៖
* ជូនដំណឹងមករដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល ១៥ថ្ងៃ ក្រោយពីការផ្លាស់ប្តូរអាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរនិងការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន សមាសភាពអ្នក គ្រប់គ្រងសហគ្រាសឬសាខា ការបញ្ឈប់អាជីវកម្ម អ្នកទទួលបន្ទុកកិច្ចការពន្ធដារព័ត៌មានគណនីធនាគារ ព័ត៌មានទំនាក់ទំនង លេខទូរស័ព្ទ និងសារអេឡិចត្រូនិក
* កាន់បញ្ចិកាគណនេយ្យ និងដាក់លិខិតប្រកាសសារពើពន្ធទៅតាមការកំណត់របស់រដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ដូចមានចែងក្នុងប្រកាសនេះក៏ដោយ
* ដាក់លិខិតប្រកាសនិងបង់ពន្ធអាករដទៃទៀតប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





