ប្រជាពលរដ្ឋខេត្តក្រចេះ ត្រៀមខ្លួនចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
(ក្រចេះ)៖ ប្រជាពលរដ្ឋខេត្តក្រចេះ ត្រៀមខ្លួនចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការបង្ហាញនូវការគាំទ្រ និងការត្រៀមចូលរួមអបអរសាទររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងក្នុងឱកាសពិធីប្រគេនទៀនចំណាំព្រះវង្សាដល់វត្ត ចំនួន១២ ស្ថិតក្នុងក្រុងក្រចេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នាសាលាឆាន់ វត្តសិរីសន្ធរវង្ស ក្រុងក្រចេះ ក្រោមវត្តមានចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។
ព្រះសង្ឃ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ បានសំដែងនូវការអបអរសាទរ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបើកការដ្ឋានសាងសង់
ព្រែកជីកហ្វូណនតេជោ ដែលមានសារៈសំខាន់នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។
តាមរយៈនេះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រប់ទីវត្តអារាម សាលារៀន ឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews




