ព័ត៌មានជាតិ July 22, 2024

តើ CrowdStrike ជាក្រុមហ៊ុនអ្វី បានជាជាប់ពាក់ព័ន្ធនឹងការគាំងសេវាកម្ម Cloud របស់ Microsoft កាលពីប៉ុន្មានថ្ងៃមុន?

Liny Chan

(បរទេស)៖ បញ្ហាគាំង Windows នៅថ្ងៃសុក្រសប្តាហ៍មុនទទួលបានរបាយការណ៍មកថា បណ្តាលមកពីសេវាកម្ម Cloud របស់ Microsoft និងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike ដែលបណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters។

តើអ្វីទៅ គឺជាក្រុមហ៊ុន Crowdstrike ហើយក្រុមហ៊ុននេះមានតួនាទីអ្វីខ្លះ?

CrowdStrike គឺជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏លេចធ្លោមួយដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋតិចសាស់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១។ ក្រុមហ៊ុននេះមានជំនាញក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពទៅលើសេវាកម្ម Cloud ជាពិសេសផលិតផលដ៏ល្បីរបស់ខ្លួនគឺ Falcon ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ និងការពារការគំរាមកំហែងតាមអ៊ីនធឺណិតនៅទូទាំងវេទិកានានា ដោយផ្តោតជាចម្បងលើប្រព័ន្ធប្រតិបត្តិការ Windows។

CrowdStrike ត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត ឬមេរោគ ransomware ដែលបានក្លាយជាជម្រើសដ៏ល្អបំផុត និងបានយកទៅប្រើប្រាស់នៅទូទាំង ធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ រួមទាំងសេវាកម្មច្រើនផ្សេងទៀត។ អាចនិយាយបានថា ប្រសិនបើមានបញ្ហាណាមួយដែលត្រូវបានវាយប្រហារតាមអ៊ីនធឺណិតនោះ សេវាកម្ម CrowdStrike នឹងអាចចូលទៅជួយទប់ស្កាត់ទាន់ពេលវេលា។

យ៉ាងណាមិញជុំវិញបញ្ហានេះ នាយកប្រតិបត្តិ (CEO) របស់ CrowdStrike លោក George Kurtz បានបំភ្លឺថាឧបទ្ទវហេតុនេះមិនមែនជាការវាយប្រហារតាមអ៊ីនធឺណិតនោះទេ ប៉ុន្តែជាកំហុសនៅក្នុងការធ្វើបច្ចុប្បន្នភាព (update) ទៅវិញ។ CEO លោក George Kurtz បានធ្វើការសូមអភ័យទោសជាសាធារណៈចំពោះបញ្ហាបច្ចេកវិទ្យាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើឱ្យខាតបង់ទាំងពេលវេលា និងថវិកា។ លោក Kurtz បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវតម្លាភាពទាក់ទងនឹងឧបទ្ទវហេតុ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍នេះ ដើម្បីការពារការកើតឡើងនាពេលអនាគត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News