Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមានថា អ្នកប្រកបអាជីវកម្មក្នុងវិស័យធនធានរ៉ែ បើមិនគោរច្បាប់ ប្រឈមការលុបអាជ្ញាប័ណ្ណ ហើយមន្ទីរជំនាញត្រូវអនុវត្តវិធានការច្បាប់បន្ថែម

    BY Liny Chan July 24, 2024
    លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមានថា អ្នកប្រកបអាជីវកម្មក្នុងវិស័យធនធានរ៉ែ បើមិនគោរច្បាប់ ប្រឈមការលុបអាជ្ញាប័ណ្ណ ហើយមន្ទីរជំនាញត្រូវអនុវត្តវិធានការច្បាប់បន្ថែម

    (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែ ដែលក្នុងគោលបំណងពង្រឹងក្នុងវិស័យធនធានរ៉ែ ក្នុងនោះក្រុង/ស្រុក អង្គភាពទាំងអស់ដែលពាក់ព័ន្ធ ក្នុងវិស័យរ៉ែត្រូវលើកហេតុផលជូនអង្គប្រជុំទាំងពាក់ព័ន្ធផ្លូវ ដឹកលើសទម្ងន់ ការបង់សួយសារ និងផលប៉ពាល់ដោយផ្ទាល់ក្នុងមូលដ្ឋាន។ ក្នុងពិធីប្រជុំពង្រឹងក្នុងវិស័យធនធានរ៉ែ មានវត្តមានតំណាងក្រុមហ៊ុន និងអាជីវករប្រកបអាជីវកម្ម កងកម្លាំងអនុវត្តច្បាប់ និងអភិបាលក្រុង/ស្រុកទាំង៩ បានចូលរួមផងដែរ។

    លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សុំឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធកុំធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយគោរពឲ្យបានសារាចរណែនាំ០៣១០ របស់ក្រសួងរ៉ែ និងថាមពល មិនតែប៉ណ្ណោះបន្តនាំគ្នាថែរក្សផ្លូវជាតិឲ្យគង់វង្ស។ ធ្វើយ៉ាងក្រុមហ៊ុនអាជីវករក៏ចំណេញ ឯរដ្ឋក៏ទទួលបានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

    លោកបណ្ឌិត បានបន្តថា បើបងប្អូនអាជីវកររកទទួលទាន ត្រូវគោរពវិធានការរបស់ក្រសួងរ៉ែ និងថាមពល ដែលកន្លងមកការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទមានជាអាទិ៍ថ្ម ក្រួស ខ្សាច់ ដីក្រហម ដីឥដ្ឋ អាចម៍ដី។ល។ ដែលអាជីវករ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែក្នុងខេត្តកំពង់ស្ពឺ បានដឹកជញ្ជូនចេញពីការដ្ឋានរ៉ែ ឆ្ពោះទៅកាន់គោលដៅនានាក្នុងគោលបំណងពាណិជ្ជកម្មរបស់ខ្លួនបានបង្កឱ្យមានការប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ដោយការដឹកជញ្ជូនច្រើនហួសកំណត់ធ្វើឱ្យមានការជ្រុះធ្លាក់ ក្រួស​ ខ្សាច់ ដីរាយប៉ាយនៅតាមដងផ្លូវ ធ្វើអោយមានការខូចខាតផ្លូវ និងប៉ះពាល់សុវត្តិភាព សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវឬធ្វើដំណើរតាមបណ្តោយផ្លូវនោះ។

    សូមបញ្ជាក់ថា សារាចរណែនាំ ០៣១០ថរ.អឆរ.សរច ស្តីពីវិធានចំពោះដឹកជញ្ជូនរ៉ែគ្រប់ប្រភេទ ក្រោយពីមានប្រតិកម្មរបស់លោក ហ៊ុន ម៉ានី កាលណោះជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកំណត់លើវិធានការដឹកជញ្ជូនធនធានរ៉ែ ចំនួន៤ចំណុចដូចខាងក្រោមនេះ៖

    *ទី១៖ អាជីវករ ក្រុមហ៊ុនរ៉ែទាំងអស់ ត្រូវផ្ទុករ៉ែសំណង់លើរថយន្តដែលត្រូវដឹកជញ្ជូនរ៉ែចេញពីការដ្ឋាន ឬដេប៉ូរបស់ខ្លួនក្នុងកម្រិតមិនឱ្យហួសពីទ្រុងរថយន្តដែលត្រូវដឹកជញ្ជូននោះឡើយ។ ការដឹកជញ្ជូនត្រូវគោរពតាមបទដ្ឋាន នៃការកម្រិតទម្ងន់ផ្ទុកតាមប្រភេទរថយន្ត និងតាមប្រភេទផ្លូវដឹកជញ្ជូន។
    *ទី២៖ ការដឹកជញ្ជូនរ៉ែសំណង់តាមរថយន្ត ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចង់ឱ្យជាប់គត់មត់ ចៀសវាងការធ្លាក់ថ្ម ក្រួស ខ្សាច់ ដីក្រហម ដីឥដ្ឋ ឬអាចម៍ដី។ល។នៅតាមផ្លូវដែលដឹកជញ្ជូន។
    *ទី៣៖ អាជីវករ ក្រុមហ៊ុនត្រូវចូលរួមក្នុងការថែរក្សាផ្លូវ ដែលខ្លួនបានប្រើប្រាស់ក្នុងការដឹកជញ្ជូនរ៉ែសំណង់ចេញពីការដ្ឋាន ឬពីដេប៉ូរបស់ខ្លួន ដោយត្រូវធ្វើការស្រោចទឹកជាប្រចាំ ដោយមិនបង្កឱ្យមានការរំខានដោយសារធូរលីហុយ ពលរដ្ឋ ឬអ្នកធ្វើដំណើរតាមដងផ្លូវនោះ ធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវ។
    *ទី៤៖ អាជីវករ ក្រុមហ៊ុន ត្រូវមានផែនការជួសជុលផ្លូវដែលចេញពីការដ្ឋានរបស់ខ្លួនឆ្ពោះមក ផ្លូវខេត្ត ឬផ្លូវជាតិ។ ក្នុងករណីដែលផ្លូវនោះត្រូវបានប្រើប្រាស់ដោយអាជីវករ ក្រុមហ៊ុនលើសពី មួយ អាជីវករ ក្រុមហ៊ុនទាំងនោះត្រូវសហការគ្នា ក្នុងការស្រោចទឹក និងថែទាំផ្លូវសម្រាប់ការប្រើ ប្រាស់ជាសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: