ព័ត៌មានអន្តរជាតិ July 28, 2024

គ្រោះរអិលបាក់ដីបង្កឡើងដោយ ចំហាយសេសសល់នៃព្យុះ Gaemi ឆក់យកជីវិតមនុស្ស១២នាក់ នៅភាគខាងត្បូងប្រទេសចិន

Nisaiy KP

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ការបន្តធ្លាក់ភ្លៀងខ្លាំង ដែលជាចំហាយនៅសេសសល់នៃព្យុះ Gaemi បានបង្កឱ្យ​មានគ្រោះរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សចំនួន ១២នាក់ នៅភាគខាងត្បូងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។

មកដល់ថ្ងៃអាទិត្យនេះ ព្យុះ Gaemi ដែលដំបូងជាព្យុះទីហ្វុង និងក្រោយមកថយចុះថាមពល មកនៅត្រឹមជាព្យុះត្រូពិច គឺបានរលាយបាត់សឹងតែទាំងស្រុងហើយ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិន កំពុងបន្តស្ថិតក្រោមការប្រកាសអាសន្ន អំពីហានិភ័យនៃគ្រោះទឹកជំនន់នៅឡើយ ដោយសារតែភ្លៀងនៅបន្តធ្លាក់ជោគជាំ។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV មនុស្សទាំង១២នាក់ បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី នៅក្បែរទីក្រុង Hengyang នៃខេត្ត Hunan កាលពីព្រឹកថ្ងៃអាទិត្យនេះ ខណៈមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយនៅមានជីវិត។

គួរបញ្ជាក់ថា ព្យុះ Gaemi បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ មុនមកដល់ចិន វាបានបោកបក់​កាត់ចំកោះតៃវ៉ាន់ ហើយបានបង្កឱ្យមនុស្សជិត១០នាក់ស្លាប់ រួមជាមួយការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ព្យុះនេះក៏បានជះឥទ្ធិពលធ្វើឱ្យ ស្ថានភាពធ្លាក់ភ្លៀងខ្លាំងស្រាប់នៅ​ឯប្រទេសហ្វីលីពីន កាន់តែអាក្រក់ផងដែរ ជាហេតុបណ្តាលឱ្យមនុស្សកើនដល់រាប់សិបនាក់ បាត់បង់ជីវិតនៅទីនោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews