ព័ត៌មានជាតិ September 5, 2024

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ

Liny Chan

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

មុនទទួលបានការតែងតាំងនេះ លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ គឺជាបញ្ញវន្តខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាបរិញ្ញា​បត្រវិទ្យា​សាស្ត្រ​កុំព្យូទ័រ និងអនុបណ្ឌិតព័ត៌មានវិទ្យា។ លោកធ្លាប់បានបំពេញការងារជាទីប្រឹក្សាបច្ចេកទេស​ក្រសួង​ផែនការ វិទ្យាស្ថានជាតិស្ថិតិនាឆ្នាំ២០១០ ក្នុងក្របខណ្ឌអង្គការស្ថិតិពិភពលោក (UNSD)។ លោកក៏ធ្លាប់បានបំពេញការងារទីប្រឹក្សាបច្ចេកទេសរៀបចំប្រព័ន្ធឧត្តមសិក្សា និងអាហារូបករណ៍ ក្រសួងអប់រំ ពីឆ្នាំ២០១០ ដល់ ២០១១។

លោក សុទ្ធាយុត្តិ ក៏ធ្លាប់បានធ្វើជាទីប្រឹក្សាបច្ចេកទេសប្រព័ន្ធប្រមូលទិន្នន័យ និងប្រឡងបាក់ឌុបពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ដែលជាពេលវេលានៃការធ្វើកំណែទម្រង់ប្រឡង​បាក់ឌុបដែល​ចាប់ពីឆ្នាំ២០១៣ ក្រោយពេលលោក ហង់ជួន ណារ៉ុន ចូលមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក ហ៊ាង សុទ្ធាយុត្តិ ត្រូវបានគេដឹងថា ជាបុគ្គលដ៏សំខាន់មួយរូបនៅពីក្រោយការធ្វើទំនើបកម្ម​សេវា​សាធារណៈ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនីតិកាលទី៦ ដឹកនាំដោយលោក ស៊ុន ចាន់ថុល។ ការធ្វើទំនើបកម្មសេវាសាធារណៈផ្សារភ្ជាប់នឹងបញ្ចេកវិទ្យានេះ ទទួលបានការគាំទ្រ​ខ្លាំងពីប្រជាពលរដ្ឋ។

សេវាសាធារណៈផ្សារភ្ជាប់នឹងបច្ចេកវិទ្យាដែលសម្រេចបាននោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម រួមមាន ឆៀករថយន្ត ចុះបញ្ជីយានយន្ត ប្រឡងទ្រឹស្តីនៃការបើកបរ ដាក់ពាក្យ និងប្រឡងយកបណ្ណបើកបរ។

នៅដើមឆ្នាំ២០១៨ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានរៀបឱ្យមានយន្តការបច្ចេកវិទ្យាភ្ជាប់ការផ្ទៀងផ្ទាត់ ទិន្នន័យគល់បញ្ជី​ពន្ធ​នាំ​ចូលយានយន្ត លុបបំបាត់ការប្រើប្រាស់ពន្ធក្លែងក្លាយចុះបញ្ជី បង្កើនចំណូលមិនមែន​សារពើ​ពន្ធ និងពន្លឿននីតិវិធីសេវាបានលឿនរហ័ស។

នៅខែ១២ ឆ្នាំ២០១៨ ក្នុងនាមជាមន្ត្រីជំនាញទទួលបន្ទុកផ្នែកបច្ចេកវិទ្យានៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានរៀបចំកម្មវិធីថែទាំផ្លូវ Road Care Mobile App ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើការរាយការណ៍ពីជង្ហុកសំបុកមាន់ ពីមូលដ្ឋាន ទៅមន្ត្រីចុះជួសជុល ឱ្យបានទាន់​ពេលវេលា។

ក្រៅពីសមិទ្ធផលដូចបានបង្ហាញខាងលើនេះ ក្នុងអាណត្តិការងារជាមន្ត្រីជំនាញបច្ចេកវិទ្យានៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនីតិកាលទី៦ លោក ហ៊ាង សុទ្ធាយុត្តិ បានបង្កើតនូវសមិទ្ធផលបច្ចេកវិទ្យាជាច្រើនទៀត ជួយកាត់បន្ថយភាពស្មុគស្មាញ និងពន្លឿនការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធផលទាំងនោះមានដូចជា៖

* នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដាក់ដំណើរប្រព័ន្ធផ្ទេរកម្មសិទ្ធយានយន្ត ដែលសម្រួល នីតិវិធី បង់ពន្ធដារប្រថាប់ត្រា និងសេវាផ្ទេរកម្មសិទ្ធិរួមគ្នា ពន្លឿននីតិវិធី និងពង្រឹងការ ប្រមូលចំណូលពន្ធ មធ្យោបាយ។

* នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានរៀបចំដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីលេខពិសេស​ផ្ទាល់​ខ្លួន លេខកម្ពុជា ផ្តល់ជម្រើសសំបូរបែប និងប្រមូលចំណូលមិនមែនសារពើពន្ធបានច្រើនជូនជាតិ។

* ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដាក់ដំណើរប្រព័ន្ធផ្ទេរកម្មសិទ្ធយានយន្ត ដែលសម្រួលនីតិវិធី​បង់​ពន្ធដារប្រថាប់ត្រា និងសេវាផ្ទេរកម្មសិទ្ធិរួមគ្នា ពន្លឿននីតិវិធី និងពង្រឹងការប្រមូល​ចំណូលពន្ធ​មធ្យោ​បាយ។

* ឆ្នាំ២០២១ បានរៀបចំដាក់ដំណើរការទូទាំងប្រទេសប្រព័ន្ធកាត់ពិន្ទុ និងផាកពិន័យ បទល្មើស​អន្តរការ​ស្តីពីចារាចរណ៍ផ្លូវគោក ពង្រឹងការអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់សារធារណៈ កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍។

* ខែតុលា ឆ្នាំ២០២២ រៀបចំប្រព័ន្ធគ្រប់គ្រងទូទាត់ប្រាក់ចេញចូលផ្លូវល្បឿនលឿន ផ្ទៀងផ្ទាត់​ព័ត៌មាន​យានយន្ត គិតកម្រៃសេវាស្វ័យប្រវត្ត កាត់បន្ថយការកកស្ទះ ជំរុញការប្រមូលចំណូលក្រុម​ហ៊ុនផ្តល់សេវាក្តីទុកចិត្តដល់វិនិយោគិនបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិនិយោគិនចិន។

* រៀបចំរចនាសម្ព័ន្ធតម្លើង នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ទៅជាអគ្គនាយក ដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ចំណុះក្រសួងសាធារណការ ដោយទទួលបានសេចក្តី ទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពនេះកន្លងមក៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖

ផ្ដល់សិទ្ធិដោយ៖ Fresh News