Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តាមតួលេខបឋម មានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ

    BY Liny Chan September 9, 2024
    តាមតួលេខបឋម មានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣។

    ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី និងគ្រប់ខេត្ត នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។

    ឯកឧត្តម បានណែនាំកិច្ចការងារមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំដែលមានទូកចូលរួម ប្រកួតក្នុងព្រះរាជពិធីឲ្យពិនិត្យផ្គូរផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានជាបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ហើយឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ដែលប្រទីបមានការកើនឡើងបើធៀបនឹងឆ្នាំទៅមិញមានប្រទីបចំនួន៣០ ។

    ឯកឧត្តម ក៏បានលើកឡើងពីស្ថានភាពគោលដៅ ទីតាំង ពេលវេលា និងការវាយតម្លៃឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ ដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់ និងកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ផងដែរ ។

    ជាមួយគ្នានោះ អគ្គលេខាធិការខាងលើ បានណែនាំឱ្យយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ ទង់ បដា ភ្លើងបំភ្លឺ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យឲមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ៕   

    អត្ថបទ៖ ទទក
    ប្រភព៖ ក្រសួងព័ត៌មាន



    Share This Post: