ខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី១៧ ខែតុលា ខាងមុខ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិពណ៌ប្រពន្ធតន្ត្រីខ្នាតធំ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការរយៈពេល១ថ្ងៃ នូវព្រឹត្តិការណ៍ជាច្រើនដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា វិធីប្រណាំងទូក «ង» និងទូកអន្តរជាតិ ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ បណ្ដែតប្រទីប និងអុជកាំជ្រួចជាដើម។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងពិធីប្រណាំងទូក ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ ដែលត្រៀមចូលរួមប្រណាំង មានសរុប៥០ទូក មកពី ក្រុង ស្រុកទាំង១០ក្នុងខេត្តកំពង់ចាម ។ ក្នុងនោះទូកខ្នាតអន្តរជាតិ មាន៣១ទូក និងទូក «ង» ខ្នាតវែងមាន១៩ទូក និងមានកីឡាករ កីឡាការិនី សរុបជាង២,០០០នាក់ ចូលរួមប្រកួតប្រជែង និងកីឡាករបម្រុងជាង៤០០នាក់៕ ផ្ដល់សិទ្ធដោយ៖ Fresh News


