Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិវៀតណាម ៤៦នាក់ ត្រូវបានបណ្តេញចេញកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ម្សិលមិញ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់

    BY Liny Chan October 7, 2024
    ជនជាតិវៀតណាម ៤៦នាក់ ត្រូវបានបណ្តេញចេញកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ម្សិលមិញ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់

    (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនជាតិវៀតណាម ៤៦នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក។

    ការបណ្តេញ​ចេញធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្នុងនោះមានចំនួន ៤២នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត និងចំនួន ៤នាក់ ភេទប្រុស ពាក់ពន្ធ័ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

    បើតាមរបាយការណ៍មួយទៀតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែតុលាម្សិលមិញនេះ ក្រៅពីជនជាតិវៀតណាម ៤៦នាក់ ដែលត្រូវបានបណ្តេញចេញ ក៏មានជនបរទេស១៣នាក់ផ្សេងទៀតដែរ ត្រូវបានបណ្តេញចេញក្នុងនោះមានជនជាតិជប៉ុន១២នាក់ និងជនជាតិចិន១នាក់។ កម្ពុជាក៏កំពុងត្រៀមបណ្តេញជនបរទេសដែលធ្វើការខុសច្បាប់ជាង៣០០នាក់ផ្សេងទៀតផងដែរ ដែលក្នុងនោះមានរហូតដល់២០សញ្ជាតិ។

    កាលពីខែកញ្ញា កន្លងទៅ កម្ពុជាបានបណ្ដេញជនជាតិវៀតណាមសរុប៨១នាក់ ចេញពីប្រទេស ក្នុងនោះមានជនជាតិវៀតណាម៦០នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី០៦ ខែកញ្ញា និងជនជាតិវៀតណាម ២១នាក់ (ស្រី២នាក់) ពាក់ព័ន្ធករណី បំពានប្រកាសស្តីពីការបណ្តេញចេញ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកញ្ញា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: