ព័ត៌មានជាតិ October 24, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យជឿតាមការញុះញង់របស់មេខ្យល់ថា ចុះឈ្មោះបានដីសម្បទានសង្គមកិច្ច 

Liny Chan

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការញុះញង់របស់មេខ្យល់ ដែលអះអាងថា ចុះឈ្មោះដើម្បីបានដីសម្បទានសង្គមកិច្ច។ សម្តេច បានបញ្ជាក់ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ករណីនេះដែរ សម្តេចមហាបវរធិបតី ក៏បានស្នើអាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវរកមេខ្យល់នោះ ដើម្បីអនុវត្តច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រកាស រឿងដីសម្បទានសង្គមកិច្ច ក្រុមការងារកំពុងរៀបចំ និងប្រកាសចាប់ផ្តើមពីដើមឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុកល្ងាចមិញ មានមេខ្យល់ទៅដើរបំផុសប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់ អត់មានទេ អត់មានមេខ្យល់ណាទៅបំផុស ដើម្បីយកដីសម្បទានទេ។ បើចុះឈ្មោះ​ត្រូវតាមយន្តការរដ្ឋ។ កន្លងទៅ យើងមានយន្តការដីសម្បទានចុះឈ្មោះតាមអាជ្ញាធរ ក្រៅពីហ្នឹង ក្រោយពីគណៈកម្មការបង្កើត យើងមានការផ្សព្វផ្សាយច្បាស់លាស់»

សូមជម្រាបថា ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ហិកតាពីរដ្ឋ ដែលសម្តេចចាត់ទុកថា នោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។ សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលក៏មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឲ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ រដ្ឋបានអនុវត្តគោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាងភូមិឃុំនៅលើដីថ្មីនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News