Apple ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការលើកម្មវិធីតាមដានកម្រិតជាតិស្ករក្នុងឈាម
(បរទេស)៖ របាយការណ៍ពីសារព័ត៌មានដ៏ល្បី Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរៀបចំដើម្បីបង្ហាញកម្មវិធីថ្មីមួយនៅលើ Apple Watch សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងគោលបំណងតាមដានកម្រិតជាតិស្ករក្នុងឈាម។ នេះបើយោងតាមការចេញផ្សាយបន្តដោយ GSMArena។

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ជារៀងរាល់ឆ្នាំក្រុមហ៊ុនយក្សនេះ បានដាក់ចេញនូវមុខងារថ្មីៗជាបន្តបន្ទាប់ ដូចជាមុខងារ ECG និងវាស់ចង្វាក់បេះដូង។ យ៉ាងកាលពីពេលថ្មីៗនេះ ក៏ទើបតែសម្រេចបានមុខងារពិសេសមួយទៀតគឺ Sleep Apnea Tracking ដែលជាមុខងារតាមដាន និងវិភាគលំនាំនៃការដកដង្ហើមក្នុងអំឡុងពេលគេង។
យោងតាមរបាយការណ៍ពី Bloomberg បានឱ្យដឹងថា Apple បានធ្វើការលើបច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពតាមដានជាតិស្ករក្នុងឈាម ហើយតាមរយៈការធ្វើតេស្តពីបុគ្គលិក Apple មួយក្រុមកាលពីដើមឆ្នាំនេះ បានបង្ហាញថា មួយផ្នែកធំនៃមុខងារនេះ ត្រូវបានបញ្ចប់ការសាកល្បងដោយជោគជ័យ។ យ៉ាងណាមិញ ប្រសិនបើ Apple អាចសម្រេចបានជោគជ័យលើបច្ចេកវិទ្យានេះពិតប្រាកដមែននោះ ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់ទៅតេស្តឈាមរកមើលជាតិស្ករទៀតនោះទេ ដោយគ្រាន់តែពាក់ Apple Watch ជាការស្រេច។
គួរជម្រាបថា កម្មវិធីនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម ដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ តែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






