ព័ត៌មានជាតិ November 1, 2024

ក្រសួងអប់រំ ជូនដំណឹងពីការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ

Liny Chan

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Math Contests (caribontests.com)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងអប់រំ សូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាពីចាប់ពីថ្នាក់មត្តេយ្យ កម្រិតខ្ពស់ ដល់ថ្នាក់ទី១២ (K-12) ទូទាំងប្រទេស ឱ្យបានជ្រាបថា ដើម្បីបង្កើនសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យា និងការ អប់រំឌីជីថល និងមានកិច្ចសហការពីអង្គការអន្តរជាតិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា នឹងរៀបចំការប្រឡងគណិតវិទ្យាកម្រិត អន្តរជាតិតាមប្រព័ន្ធអនឡាញ Caribou Math Contests (www.cariboutests.com) តាមកាលបរិច្ឆេទដូចខាងក្រោម៖

* លើកទី១៖ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
* លើកទី២៖ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
* លើកទី៣៖ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
* លើកទី៤៖ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
* លើកទី៥៖ នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥
* លើកទី៦៖ នៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

សិស្សដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមការប្រឡងនៅអគារ «I» មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/KUwX2J5zwQSuuoS29 ឬតាមរយៈ QR Code ខាងក្រោមចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News