Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ខៀវ កាញារីទ្ធ៖ ស្តង់ដារកីឡារាំ ទទួលបានការយល់ដឹងច្រើន ក្រោយចាប់ផ្ដើមដំបូង មានអ្នកជេរច្រើនជាងសរសើរ

    BY Liny Chan November 2, 2024
    លោក ខៀវ កាញារីទ្ធ៖ ស្តង់ដារកីឡារាំ ទទួលបានការយល់ដឹងច្រើន ក្រោយចាប់ផ្ដើមដំបូង មានអ្នកជេរច្រើនជាងសរសើរ

    (ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា ថា មហាជនចាប់ផ្ដើមយល់ដឹងពីស្ដង់ដារកីឡារាំ ក្រោយចាប់ផ្ដើមដំបូងៗ មានការជេរច្រើនជាងអ្នកសរសើរ ។

    ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ ដោយមានប្រតិភូ និងអត្តពលិកមកពី ៥រាជធានី-ខេត្ត និងក្រសួងចូលរួម ខណៈការប្រកួត នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។

    ថ្លែងក្នុងពិធីបើកការប្រកួតលោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរប្រធានសហព័ន្ធលោកស្រី ញ៉ែម មរកត ចំពោះការជម្នះឧបសគ្គ និងខិតខំប្រឹងប្រែងដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍កីឡារាំ រហូតមានការរីកចម្រើន ហើយមានការទទួលស្គាល់លើឆាកជាតិ និងអន្ដរជាតិ ពិសេសគឺប្រជាពលរដ្ឋ ដែលមិនសូវមានការយល់ដឹងពីកីឡារាំ បានយល់ដឹងច្រើនពីរបៀបរបបស្លៀកពាក់ និងរបៀបរាំជាដើម ផ្ទុយពីការចាប់ផ្ដើមដំបូង។

    លោកបន្ដថា «ខ្ញុំនឹកឃើញពីដែលយើងចាប់ផ្ដើមធ្វើដំបូង អ្នកសរសើរមានតិចណាស់ សម្បូរតែអ្នកជេ និងអ្នកបង្អាប់ ព្រោះគេមិនដឹងយើង(ក្មួយៗ) ស្លៀកពាក់របៀបអ៊ីចឹង រាំរបៀបអ៊ីចឹង ។ ហេតុនេះ អ្នកសរសើរមានតិចមែនទែន ក្រៅតែពីអ្នកជេច្រើន ។ តែយើងក៏មិនខឹង ព្រោះយើងយល់ថា កាលណាគេមិនយល់ ឬមួយគេខ្លាច ឬមួយគេស្អប់ ។ តែក្មួយៗ លោកជំទាវ ញ៉ែម មរកត និងសហការីទាំងអស់ បានខិតខំមែនទែន» ។

    លោកបន្ថែមថា «លូវនេះ ឃើញថា ជាបន្ដិចម្ដងៗ យើងបានយល់អំពីរបៀបស្លៀកពាក់ របៀបរាំ ដែលជាការទាមទារផ្នែកអន្ដរជាតិ ហើយយើងក៏សោកស្ដាយដែរ កំឡុងស៊ីហ្គេមកន្លងមក ដែលយើងមិនអាចឡើងវគ្គសំខាន់ៗបាន ដោយសារយើងគេហ្វឹកហាត់យូរហើយ ។ បើផ្ទឹមជាមួយគេ ដូចយើងថ្នាក់មត្ដេយ្យ ទៅប្រកួតជាមួយថ្នាក់មហាវិទ្យាល័យ ។ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តដែលឃើញក្មួយៗ និងចៅៗតូច មកហ្វឹកហាត់ ដែលជាធនធានបន្ដវេនដ៏មានសក្ដានុពល ឆ្ពោះទៅការប្រកួតប្រជែងនៅថ្ងៃអនាគត ក្នុងកីឡារាំ» ។

    គួរដឹងថា កីឡារាំ គឺជាកីឡាមួយ ក្នុងចំណោម ៣៦ប្រភេទ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ រីឯការប្រកួតកីឡាជាតិជនពិការ លើកទី២ ក៏មានកីឡាចំនួន ៧ប្រភេទផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: